លោកឧបនាយករដ្ឋមន្រ្តី ស សុខា ជួបសំណេះសំណាល និងចែករង្វាន់សិស្ស និទ្ទេសA 154នាក់ នៅខេត្តព្រៃវែង

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានបង្កើតពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស “A“ សរុបចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំធំ(A)សាលាខេត្តព្រៃវែង ។

សូមជម្រាបថា សិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង ៨៦.៦១% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១ ៨៦៨នាក់ សិស្សនិទ្ទេស D ចំនួន ២ ៩១២ នាក់ និង សិស្សនិទ្ទេស E មានចំនួន ២ ៣៣៣នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេសA ចំនួន១៥៤ ក្នុងមួយនាក់ទទួលបានម៉ូតូ ចំនួន១គ្រឿង ព្រមទាំងថវិកា និងផ្ដល់ថវិកាជូនដល់នាយកសាលាវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២(គ្រូបំប៉ន)ទាំង២៣១នាក់ផងដែរ។




ក្នុងពិធីផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងសាលាខេត្ត កងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ សាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សទទួលបាននិទ្ទេសA សរុបប្រមាណជាង ៥១៥រូប៕
ដោយៈចាន់បុត្រ|ព្រៃវែង|ដើមអម្ពិល
ប្រភពៈរដ្ឋបាលខេត្តព្រៃវែង
