ព័ត៌មានជាតិ

លោក ហួត ហាក់៖ ការបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា គឺជាការទទួលខុសត្រូវរួមគ្នា ពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានលើកឡើងថា ការចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា គឺជាការទទួលខុសត្រូវរួមគ្នា ពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ ដោយរួមមានក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ, អាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ, វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងប្រជាពលរដ្ឋផងដែរ ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង ទីក្រុងស្អាត លើកទី៤ សុពលភាពឆ្នាំ២០២៦-២០២៩ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានលើកឡើងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ នៅក្រុង និងខណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាតម្លៃបន្ថែម ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល មានបំណងបំផុស និងលើកទឹកចិត្ត តាមរយៈការផ្តល់រង្វាន់ដល់ក្រុង និងខណ្ឌដែលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ឱ្យក្លាយជាទីក្រុងស្អាត ឆ្លាត បៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ ព្រមទាំងមានលក្ខណៈប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច កិច្ចគាំពារសង្គម បរិស្ថានប្រកបដោយចីរភាព ជាពិសេសការរក្សាឱ្យបាន នូវតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិរក្សសម្បត្តិធនធានធម្មជាតិ ធនធានវប្បធម៌និងបរិស្ថាន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា, ការយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គាំទ្រវិស័យទេសចរណ៍, ការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍, ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងមានភាពទាក់ទាញ គឺជាការទទួលខុសត្រូវរួមគ្នា ពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ ដោយរួមមានក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ, អាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ, វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងប្រជាពលរដ្ឋផងដែរ ដែលចូលរួមសហការយ៉ាងសកម្ម ក្នុងការរៀបចំក្រុង និងខណ្ឌ ឱ្យកាន់តែមានភាពរស់រវើក មានផាសុកភាពក្នុងការរស់នៅ និងមានឧត្ដមភាពសម្រាប់ការប្រកបធុរកិច្ច ព្រមទាំងជាទីទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។

លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ច ល្អ» ដែលមិនត្រឹមតែចូលរួម ដល់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍ នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់កិត្តិនាម និងឧត្តមភាព ប្រកួតប្រជែងរបស់ទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងសកលលោកតាមរយៈការចូលរួម ប្រកួតប្រជែងដណ្ដើមជ័យលាភី ស្ដង់ដាកម្រិតតំបន់ និងអន្តរជាតិ មានជាអាទិ៍៖ ពានរង្វាន់ផ្ទះស្នាក់អាស៊ាន, ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន និងពានរង្វាន់ស្តង់ដាសេវាកម្មស្ប៉ាអាស៊ាន ជាដើម៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top