CMAC បន្តជំរុញកិច្ចប្រតិបត្តិការ ស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាលិច នៅបាតទន្លេមេគង្គ

ភ្នំពេញ ៖ អង្គភាពមជ្ឈមណ្ឌល សកម្មភាពកម្ពុជា ដើម្បីបោសសម្អាតមីន (CMAC) បានបន្តជំរុញ កិច្ចប្រតិបត្តិការ ស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាលិច នៅបាតទន្លេមេគង្គ ដើម្បីចូលរួមលើក កម្ពស់កិច្ចខិតខំប្រឹងប្រែង ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា «អង្គភាព CMAC បន្តជំរុញកិច្ចប្រតិបត្តិការ ស្រង់គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងនាវាលិច នៅបាតទន្លេមេគង្គ ដើម្បីចូលរួមលើកកម្ពស់កិច្ចខិតខំ ប្រឹងប្រែងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ក្រោយសង្គ្រាម កាលពីអតីត កាលនៅកម្ពុជា និងក្នុងតំបន់បានបញ្ចប់ ជាច្រើនទសវត្សរ៍មកហើយ»។

លោក អគ្គនាយក បន្ដថា កិច្ចប្រតិបត្តិការនេះ បាននិងកំពុងដំណើរការទៅមុខ បើទោះបីជាជួបប្រទះ នូវឧបសគ្គមួយចំនួនក៏ដោយ។

សូមរំលឹកថា កម្លាំងដែលកំពុងធ្វើប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅភូមិសាស្ត្រស្រុកលើកដែក ប្រសប់នឹងស្រុកពាមជរ នេះ មានកម្លាំងស៊ីម៉ាក់ ចំនួន២១៤នាក់ និងកងកម្លាំងនគរបាលជាតិ ចំនួន៦នាក់ ។ ប្រតិបត្តិការនេះ បានអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ សម្រាប់ប្រតិបត្តិការនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម ដែលកាលណោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕


