ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងយន្តហោះចម្បាំង ទំលាក់គ្រាប់ MK-84 នៅឃុំមរកត ដើម្បីសង្កេតការណ៍ បានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀត

ព្រះវិហារ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀត ស្របតាមអាណត្តិរបស់ខ្លួន នៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព៕









