ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់រដ្ឋមន្រ្តីអភិវឌ្ឍន៍ម៉ាឡេស៊ី ពីទង្វើអមនុស្សធម៌របស់ថៃ ចាក់សំឡេងខ្មោច រំខានពលរដ្ឋខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់លោក Dato Seri Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ តំបន់និង ជនបទ នៃសហព័ន្ធម៉ាឡេស៊ីអំពីទង្វើអសីលធម៌ របស់ភាគីថៃដែលបានចាក់សំឡេងខ្មោច បែបលក្ខណៈធ្ងន់ធ្ងរ រំខានទៅដល់ប្រជាពលរដ្ឋខ្មែរ រស់នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាង សម្ដេចតេជោ និងលោក Dato Seri Ahmad Zahid bin Hamidi នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ថា សម្តេចតេជោ បានពន្យល់ទៅឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ម៉ាឡេស៊ីអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ រហូតមកដល់ពេលនេះមានរយៈពេល ប្រមាណជាជិត៣ ខែមកហើយ ។

សម្តេចតេជោមានប្រសាសន៍បន្តថា ជាពិសេសចំពោះទង្វើអសីលធម៌ របស់បុគ្គលថៃមួយចំនួនបាននាំគ្នា បានចាក់សំឡេងខ្មោច ជាលក្ខណៈធ្ងន់ធ្ងរ ដើម្បីរំខានទៅដល់ប្រជាពលរដ្ឋខ្មែរ នៅជាប់ព្រំដែនថៃ អស់រយៈពេល៤ថ្ងៃជាប់គ្នាមកនេះ ។ ជាមួយគ្នានេះ សម្តេចក៏បញ្ជាក់ពីស្ថានភាព ទូទៅដែលជាក្តីកង្វល់ និងជាបញ្ហាមួយដ៏ផុយស្រួយខ្លាំង ក្នុងការប៉ះទង្គិចគ្នាឡើងវិញ ។

សូមបញ្ជាក់ថា ចាប់តាំងពីរាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥មក បុគ្គលថៃមួយចំនួនបានចាប់ផ្តើម ចាក់ធុងបាស់បំពងសំឡេងរំខានមកលើប្រជាពលរដ្ឋកម្ពុជា រួមមានទាំងអ្នកឈឺ មនុស្សចាស់ កុមារ និងជនពិការ នៅពេលយប់ស្ងាត់កណ្តាលអាធ្រាត ។ សំឡេងទាំងនោះរួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម៕

To Top