រដ្ឋមន្ត្រីទេសចរណ៍៖ ការបង្កើតខ្សែទស្សនកិច្ច តភ្ជាប់ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នឹងជំរុញកំណើនភ្ញៀវទេសចរ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតខ្សែទស្សនកិច្ចតភ្ជាប់ ពីតំបន់ទេសចរណ៍ បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នឹងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងថែមទៀត រវាងប៉ូលទេសចរណ៍ ដ៏សំខាន់ទាំងពីររបស់កម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នៅសណ្ឋាគារសង្គហមិត្តខេត្តកែប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្វែងរករួមគ្នា នូវយុទ្ធសាស្ត្រគន្លឹះ ដើម្បីជំរុញការស្នាក់នៅ របស់ភ្ញៀវទេសចរ ឱ្យស្នាក់នៅបានកាន់តែយូរជាងមុន និងចំណាយឱ្យ បានច្រើនជាងមុន តាមរយៈការធ្វើពិពិធកម្មផលិត ផលទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍ ពីតំបន់បេតិកភណ្ឌ សៀមរាប-អង្គរ មកកាន់ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ទាំង៤ រួមមាន ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។

ក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ ឧកញ៉ា ហ៊ី សុធា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា, ឧកញ៉ា លោក លោកស្រីសមាជិក សមាជិកា នៃក្រុមប្រឹក្សាសមាគមសណ្ឋាគារកម្ពុជា ឧកញ៉ា លោក លោកស្រីប្រតិបត្តិករទេសចរណ៍ ក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ ដែលតែងតែខិតខំចូលរួមយ៉ាងសកម្ម ជាមួយក្រសួងទេសចរណ៍, ក្នុងស្មារតីមហាគ្រួសារវិស័យទេសចរណ៍, ក្នុងការពង្រឹង និងពង្រីកផលិតផល និងសេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដា និងនវានុវត្តន៍តំបន់ និងអន្តរជាតិ ពិសេសបានចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្នាក់នៅ នៅកម្ពុជា ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងជាកាតាលីករ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គសិក្ខាសាលាបន្ថែមទៀតថា ដើម្បីចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា, ការយកចិត្តទុកដាក់លើការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រវិស័យទេសចរណ៍, ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍, ការធ្វើពិពិធកម្មផលិតផលទេសចរណ៍, ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍, និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់ គឺការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរួមគ្នាពីគ្រប់តួអង្គពាក់ព័ន្ធ នៅក្នុងវិស័យទេសចរណ៍ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង របស់វិស័យទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងសកលលោក៕
ដោយ៖ ដារាត់| ដើមអម្ពិល








