អគ្គនាយកដ្ឋានពន្ធនាគារ ណែនាំមន្ដ្រីកម្មសិក្សា ទើបប្រឡងជាប់ក្របខ័ណ្ឌពន្ធនាគារ ត្រូវមានភាពស្មោះត្រង់ ឬភក្តីភាព ចំពោះប្រទេសជាតិ

ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំ និងផ្ដាំផ្ញើដល់មន្ដ្រីកម្មសិក្សាដែលទើបប្រឡងជាប់ចូលបម្រើក្នុងក្របខ័ណ្ឌពន្ធនាគារ ដើម្បីឱ្យទួលបានជោគជ័យក្នុងអាជីពការងារតទៅមុខ ដោយត្រូវមានភាពស្មោះត្រង់ ឬភក្តីភាពជានិច្ចចំពោះប្រទេសជាតិ ។

ការណែនាំ និងផ្ដាំផ្ញើរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាល ជាមួយមន្ដ្រីកម្មសិក្សា ដែលទើបប្រឡងជាប់ចូលបម្រើ ក្នុងក្របខ័ណ្ឌពន្ធនាគារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ

លោក ឈន សាណាត បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរ ចំពោះប្អូនៗ ដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការប្រឡងប្រជែងជ្រើសរើស ឱ្យចូលបម្រើការងារជាមន្ត្រីពន្ធនាគារ ដែលភាពជោគជ័យនេះ គឺជាផលផ្លែផ្កា នៃការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់រៀនសូត្រនាពេលកន្លងមក។

នាឱកាសនោះដែរ លោក អគ្គនាយក បានលើកឡើងថា ភាពជោគជ័យនៃការប្រឡងជាប់ គឺគ្រាន់តែជាជំហានដំបូងនៃជីវិតចូលបម្រើការងារជាមន្ត្រីរាជការ ដូច្នេះដើម្បីឱ្យប្អូនៗ បន្តទទួលបានជោគជ័យក្នុងអាជីពការងារតទៅមុខ លោក មានមតិណែនាំ និងផ្តាំផ្ញើ មួយចំនួនដូចជា៖ ជាមន្ត្រីរាជការ ត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិនៃរដ្ឋបាលសាធារណៈ គឺឆន្ទៈម្ចាស់ការ សីលធម៌វិជ្ជាជីវៈ វប្បធម៌សេវាសាធារណៈ
។ ត្រូវមានភាពស្មោះត្រង់ ឬភក្តីភាពជានិច្ចចំពោះប្រទេសជាតិ ចំពោះគោលនយោបាយ និងមាគ៌ាដឹកនាំរបស់រាជដ្ឋាភិបាល ចំពោះផលប្រយោជន៍រដ្ឋ ចំពោះថ្នាក់ដឹកនាំ និងចំពោះក្រសួង ស្ថាប័ន អង្គភាពរបស់ខ្លួន។

លោក អគ្គនាយក បន្ថែមថា ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈតាមគោលការណ៍ និងស្មារតីដូចមានចែងក្នុងច្បាប់ជាធរមាន។ ត្រូវ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចលក្ខណការណ៍ មិនធ្វើឲ្យប៉ះបាល់ដល់កិត្តិយស និងកិត្យានុភាពរបស់ អង្គភាព ឬសមត្ថកិច្ចថ្នាក់ដឹកនាំរបស់ខ្លួន។ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានហ្មត់ចត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់នូវភារកិច្ចដែល ថ្នាក់លើប្រគល់ឲ្យ និងភារកិច្ចជំនាញរបស់ខ្លួន ត្រូវមានទស្សនៈទូលំទូលាយ និងរួមសហការការងារ ក្នុងគោលដៅតែមួយ គឺធ្វើឲ្យអង្គភាពសម្រេចបានលទ្ធផលខ្ពស់៕

