អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ផលិតប្រេងកំពូលចំនួន២ របស់រុស្ស៊ី ដើម្បីជំរុញឲ្យមានបទឈប់បាញ់ នៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសផលិតប្រេងដ៏ធំបំផុតពីររបស់រុស្ស៊ី គឺក្រុហ៊ុន Rosneft និងក្រុមហ៊ុន Lukoil ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងមូស្គូ ឱ្យយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះគឺជាពេលវេលាដើម្បីបញ្ឈប់ការសម្លាប់ និងសម្រាប់បទឈប់បាញ់ជាបន្ទាន់” ។
លោក Bessent បានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រៀមខ្លួនដើម្បីចាត់វិធានការបន្ថែមទៀតប្រសិនបើចាំបាច់ ខណៈពេលដែលជំរុញឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកចូលរួម និងប្រកាន់ខ្ជាប់នូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី។
ក្រុមហ៊ុន Rosneft គ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុន Lukoil ដែលគ្រប់គ្រងដោយឯកជន គឺជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតរបស់រុស្ស៊ីចំនួនពីរ ដែលរួមគ្នាមានចំនួនជិតពាក់កណ្តាលនៃការនាំចេញប្រេងឆៅសរុបរបស់រុស្ស៊ី ឬប្រហែល ២.២ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ នេះបើយោងតាមការប៉ាន់ស្មានរបស់ Bloomberg ។
លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅឯសេតវិមានកាលពីរសៀលថ្ងៃពុធថា “ខ្ញុំគ្រាន់តែមានអារម្មណ៍ថាវាដល់ពេលហើយ” ដោយបន្ថែមថាគាត់សង្ឃឹមថា “ពួកគេនឹងមិនបន្តយូរទេ” ចាប់តាំងពីលោកសង្ឃឹមថាជម្លោះរុស្ស៊ី – អ៊ុយក្រែន នឹងត្រូវបានដោះស្រាយ។ ការផ្លាស់ប្តូរនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ពូទីន ដែលបានគ្រោងទុកនៅក្នុងប្រទេសហុងគ្រីត្រូវបានផ្អាក។ លោក ត្រាំ បាននិយាយអំពីកិច្ចប្រជុំនេះថា វាមិនមានអារម្មណ៍ថា យើងនឹងទៅកន្លែងដែលយើងត្រូវទៅនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
