អ្នកព័ត៌មានមុនចុចប៊ូតុងចេញផ្សាយ ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងជាសារក្រើនរំលឹកទៅដល់ក្រុមអ្នកសារព័ត៌មានថា ក្នុងនាមជាស្ថាប័នព័ត៌មាន មុនចេញផ្សាយនូវព័ត៌មានទាំងអត្ថបទនិងជាសំឡេងក្តីត្រូវតែពិនិត្យនិងផ្ទៀងផ្ទាត់ឲ្យបានម៉ត់ចត់។

វគ្គបណ្តុះបណ្តាលស្តីពី ”ការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បញ្ញាសប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ” នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រាបានថ្លែងថា មុនចេញផ្សាយនូវអត្ថបទនិងវីដេអូអ្វីមួយអ្នកព័ត៌មានត្រូវតែផ្ទៀងផ្ទាត់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។

លោកថា “យើងទាំងអស់គ្នាកាន់អង្គភាពព័ត៌មាន មានតួនាទីសំខាន់គឺការទទួលខុសត្រូវនៅក្នុងការផ្សព្វផ្សាយ័ត៌មានរបស់ខ្លួន ។ មុននឹងផ្សព្វផ្សាយមុននឹងចុចប៊ូតុងចេញ យើងត្រូវចោទសួរថា តើព័ត៌មានហ្នឹងត្រឹមត្រូវទេ រូបភាពហ្នឹងជារូបភាពពិតកើតឡើងបច្ចុប្បន្នហ្នឹងទេ ហើយវីដេអូហ្នឹងជាវីដេអូថ្មីដែរឬទេ?។

លោកបន្តថា បើក្នុងនាមជាអ្នកផលិតព័ត៌មានហើយមិនដឹងថា ជាព័ត៌មានពិតនោះ តើឲ្យប្រជាពលរដ្ឋជឿទុកចិត្តម៉េចបាន? ដូច្នេះត្រូវតែនាំគ្នាផ្ទៀងផ្ទាត់ប្រភពឲ្យបានត្រឹមត្រូវ ។

រដ្ឋមន្រ្តីបានផ្តាំផ្ញើទៅអ្នកព័ត៌មានថា ក្នុងសតវត្សទី២១នេះ ត្រូវចេះបន្សាំខ្លួនទៅនឹងសម័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ៕
