ព័ត៌មានអន្តរជាតិ

​ រដ្ឋចំនួន ២៥ របស់សហរដ្ឋអាមេរិក​ ប្តឹងរដ្ឋបាលលោក ត្រាំ​ ពីបទរារាំងការផ្តល់មូលនិធិ ជំនួយស្បៀងអាហារ

វ៉ាស៊ីនតោន ៖ អភិបាលរដ្ឋប្រជាធិបតេយ្យ និងអគ្គព្រះរាជអាជ្ញាមកពីរដ្ឋចំនួន ២៥ របស់សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាលលោក ត្រាំ​ កាលពីថ្ងៃអង្គារ ដោយជំទាស់នឹងការសន្និដ្ឋានរបស់ខ្លួនថា ខ្លួនខ្វះសិទ្ធិអំណាចក្នុងការប្រើប្រាស់មូលនិធិសង្គ្រោះបន្ទាន់​ ដើម្បីរក្សាជំនួយស្បៀង អាហារសម្រាប់ជនជាតិ អាមេរិក រាប់លាននាក់នៅខែក្រោយ។

មន្ត្រីទាំងនោះ រួមទាំងមន្ត្រីមកពីរដ្ឋ California, New York និង District of Columbia បានប្រកាសថា ពួកគេកំពុងប្តឹងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ពីបទផ្អាកអត្ថប្រយោជន៍កម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) ដោយខុសច្បាប់ក្នុងអំឡុងពេលបិទរដ្ឋាភិបាលសហព័ន្ធ។

បណ្តឹងរបស់តុលាការសហព័ន្ធដែលបានដាក់នៅរដ្ឋ Massachusetts ស្នើសុំឱ្យចៅក្រមរារាំងបញ្ជាមុនរបស់រដ្ឋបាល​ ដែលដឹកនាំរដ្ឋឱ្យផ្អាកអត្ថប្រយោជន៍ និងបង្ខំឱ្យ USDA ប្រើប្រាស់ធនធានដែលមានទាំងអស់ដើម្បីបន្តផ្តល់អត្ថប្រយោជន៍ SNAP នៅក្នុងខែវិច្ឆិកា។

លោកស្រី Letitia James អគ្គរដ្ឋអាជ្ញា នៃទីក្រុងញូវយ៉ក បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនជាតិអាមេរិករាប់លាននាក់ហៀបនឹងអត់ឃ្លាន ពីព្រោះរដ្ឋាភិបាលសហព័ន្ធបានជ្រើសរើស មិនផ្តល់ជំនួយស្បៀងអាហារ​ ដែលខ្លួនមានកាតព្វកិច្ច ស្របច្បាប់ក្នុងការផ្តល់”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top