ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យ ចុះស្រង់ស្ថិតិកុមារ និងសិស្សានុសិស្សវិល ត្រឡប់ពីថៃវិញ ដើម្បីជំរុញ ពួកគាត់ចុះឈ្មោះចូលរៀន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាចុះស្រង់ស្ថិតិកុមារ និងសិស្សានុសិស្ស ដែលវិលត្រឡប់ ពីប្រទេសថៃវិញឲ្យបានច្បាស់លាស់ និងជំរុញកុមារ និងសិស្សានុសិស្សទាំងនោះ ឲ្យទៅចុះឈ្មោះចូលរៀន (ថ្មី) ឬចូលរៀនបន្តនៅតាមសាលារៀន ។

តាមរយៈសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បី ចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យ បានច្បាស់លាស់ និងជំរុញកុមារ និងសិស្សានុសិស្សទាំងនោះ ឱ្យទៅចុះឈ្មោះចូលរៀន(ថ្មី) ឬ ចូលរៀនបន្តនៅ តាមសាលារៀន ដែលនៅជិត កន្លែងស្នាក់នៅបំផុត ជាពិសេសប្រមូលព័ត៌មានកុមារ និងសិស្សានុសិស្ស ដែលមានតម្រូវការ ពិសេស ដោយត្រូវផ្តល់ការ សម្របសម្រួល ការគាំទ្រ និង ការរៀបចំនីតិវិធីងាយៗ សម្រាប់ការចុះឈ្មោះកុមារ និងសិស្សានុសិស្សទាំងនោះ ដោយមិនចាំបាច់ ទាមទារនូវឯកសារតម្រូវ ដូចជាសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រ ពេទ្យជាដើម» ។

សម្ដេចធិបតី បន្ដថា ចំពោះសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន ដើម្បីចុះពិនិត្យទីតាំង សាលារៀន ក្នុងគោលបំណងវាយតម្លៃ ផលប៉ះពាល់ឱ្យបាន គ្រប់ជ្រុងជ្រោយ និងតម្រូវឱ្យមានការ បោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុន មុននឹងគិតគូររៀបចំ ផែនការសាងសង់ និងជួសជុលសំណង់អគារឡើងវិញ ដោយរួមបញ្ចូលទាំងកម្មវិធីអប់រំផ្សព្វផ្សាយ ឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុវត្ថិភាព ដល់ដំណើរការរៀននិងបង្រៀន។

សម្ដេចធិបតី បន្ថែមថា ចំពោះសាលារៀន ដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀន និងបង្រៀន បាននៅក្នុងឆ្នាំសិក្សា ថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅ ជិត ហើយជាកន្លែង នៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដំណើរការរៀននិង បង្រៀនជាបណ្តោះអាសន្ន។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ចំពោះតំបន់ និងសាលារៀនដែលមិនអាច ដំណើរការរៀន និងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមាន សមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ ៥០០០ ដើម និងទួលអណ្តែត ជាដើម តាមកម្រិតសិក្សាជាក់ស្តែង៕

To Top