ក្រសួងការងារផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាព នៃដំណើរការ នៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ»
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ម៉ាញ ណារិទ្ធ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាវាគ្មិន ដែលសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា (TAFTAC) រៀបចំកម្មវិធីសិក្ខាសាលា ក្រោមប្រធានបទ «បច្ចុប្បន្នភាព និងសេចក្តីសង្ខេបសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាព និងសុខភាពការងារ» នៅទីស្នាក់ការសមាគម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ។

ថ្លែងក្នុងឱកាសនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះ និងភាពចាំបាច់នៃច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ» ។ លោកអគ្គលេខាធិការរង ក៏បានប្រកាសអំពីសមាសភាពថ្មី របស់គណៈកម្មាធិការក្លិបធនធានមនុស្ស និងអនុលោមភាព ដែលរៀបចំដោយសមាគមផងដែរ។

ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ជូនដល់អង្គសិក្ខាសាលា ទាំងមូលអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលនឹងមិនដាក់ជាបន្ទុកបន្ថែមថ្មី ទៅដល់និយោជក ក្នុងការអនុវត្តនោះឡើយ ។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនឹងផ្តល់ភាពងាយស្រួល និងភាពច្បាស់លាស់បន្ថែមនៅក្នុងការអនុវត្តលើគោលការណ៍ និងវិធានសុវត្ថិភាព និងសុខភាពការងារ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ បាននឹងកំពុងអនុវត្តជាប្រចាំ។

ជាចុងក្រោយ លោកប្រធាន ក៏បានបញ្ជាក់ផងដែរថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺជាសក្ខីភាពមួយ ដែលបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ស្របតាមនិន្នាការសកល៕



