ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សន្តិភាព បានជះឥទ្ធិពលវិជ្ជមាន ទៅលើជីវភាពរស់ នៅប្រចាំថ្ងៃ របស់ពលរដ្ឋ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា សន្តិភាព បានជះឥទ្ធិពលវិជ្ជមានទៅលើជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយបង្កលក្ខណៈងាយស្រួល ឲ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់បរិភោគ អាហារជាមួយក្រុមគ្រួសារ ប្រកបដោយផាសុកភាព។

តាមរយៈចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សង្គមដែលប្រជាពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ គឺជាសង្គមមួយដ៏រឹងមាំ មានភាពធន់ មានសាមគ្គីភាព មានការអភិវឌ្ឍ និងមានស្ថិរភាពសង្គម។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋជួបប្រទះអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភ សង្គមនោះមិនអាចថែរក្សាបាននូវសន្តិភាព និងសុខុមាលភាព រួមទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយបានឡើយ។

សម្ដេចធិបតី បន្ដថា «សន្តិភាព បានជះឥទ្ធិពលវិជ្ជមានទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋយើងមានលទ្ធភាពគ្រប់គ្រាន់បរិភោគអាហារជាមួយក្រុមគ្រួសារ ប្រកបដោយផាសុកភាពនិងសុវត្ថិភាព។ បើគ្មានសន្តិភាពទេ យើងក៏មិនអាចមានលទ្ធភាពទៅបង្កបង្កើនផល និងប្រកបការងារចិញ្ចឹមជីវិត ដើម្បីទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដែរ»។

ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និង មានភាពធន់ដែលគាំទ្រដល់ការអភិវឌ្ឍ ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងសុវត្ថិភាពស្បៀង ដើម្បី លើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។

លើសពីនេះ រាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយ និង យុទ្ធសាស្ត្រនានាក្នុងការលើកស្ទួយ សុខុមាលភាពរបស់ប្រជាជន ដែលជាកាតាលីករ ក្នុងការជំរុញឱ្យមានកំណើន សេដ្ឋកិច្ច វឌ្ឍនភាព និងវិបុលភាពសង្គម៕

To Top