ប្រធានាធិបតីអ៊ុយក្រែនថា អ៊ុយក្រែន ទទួលបានប្រព័ន្ធមីស៊ីល Patriot បន្ថែមទៀតពីអាល្លឺម៉ង់
បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក បន្ថែមពីប្រទេសអាល្លឺម៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ុយក្រែនបាននិងកំពុងដាក់ សម្ពាធលើក្រុមអ្នកគាំទ្រ លោកខាងលិចសម្រាប់អាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត រួមមាន មីស៊ីល Tomahawk និង ជើងទម្ររបស់ប្រព័ន្ធមីស៊ីល Patriot បន្ថែម។ កាសែត New York Times បានរាយការណ៍កាលពីខែឧសភាថា ទោះបីជាប្រទេសនេះមានប្រព័ន្ធ Patriot ចំនួនប្រាំបីក៏ដោយ ប៉ុន្តែមានតែប្រាំមួយប៉ុណ្ណោះដែលដំណើរការ។
នៅក្នុងការប្រកាសនៅលើ X កាលពីថ្ងៃអាទិត្យ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានថ្លែងអំណរគុណ ចំពោះអធិការបតីអាល្លឺម៉ង់ គឺលោក Friedrich Merz ។ លោកបានសរសេរថា “កិច្ចព្រមព្រៀង របស់យើងត្រូវបានបំពេញហើយ ។ ប្រព័ន្ធការពារដែនអាកាស Patriot កាន់តែច្រើនឥឡូវនេះនៅក្នុងអ៊ុយក្រែន ហើយត្រូវបានដាក់ឱ្យដំណើរការ” ។
ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញ ធ្លាប់បានអះអាងថា បានបំផ្លាញប្រព័ន្ធមីស៊ីល Patriot ប្រមាណ ៤០ គ្រឿង ចាប់តាំងពីឆ្នាំ ២០២៣៕
ប្រែសម្រួលៈ ណៃ តុលា
