ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យការអនុវត្តការកែសម្រួលអាវុធ ដំណាក់កាលទី១ ត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ស្ថិតនៅខេត្តកំពង់ស្ពឺ
ភ្នំពេញ ៖ ក្រុមការងារសម្របសម្រួល ក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានបន្តធ្វើការសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យ ការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា «នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:០៣នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួល ក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់ មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ» ។

គួររំលឹកផងដែរថា អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបានកែសម្រួលពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទីកន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

ជាមួយគ្នានេះ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និង ភាគីថៃនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ឱ្យបានឆាប់៕






