ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ីកាន់កាប់លោហៈកម្រចំនួន ៦៥៨ លានតោន រួមទាំង ២៨,៥ លានតោនជារ៉ែកម្រ ១៥ ប្រភេទ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំរដ្ឋាភិបាលឱ្យបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការជីកយករ៉ែ និងផលិតសារធាតុរ៉ែកម្រ, នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមបទបញ្ជានេះ គណៈរដ្ឋមន្ត្រីត្រូវតែអនុម័តនៅខែធ្នូ នូវ “ផែនទីបង្ហាញផ្លូវ” លម្អិតសម្រាប់វិស័យនេះ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបបំផុត រាប់ចាប់ពីសារធាតុសម្រាប់ផលិតទូរស័ព្ទដៃ រហូតដល់ប្រព័ន្ធសព្វាវុធ។

លោកពូទីនបានពណ៌នាឧស្សាហកម្មនេះថា ជាធនធានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រឹងការប្រកួតប្រជែងជាសកលរបស់រុស្ស៊ី និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) កាលពីខែមុន លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញតម្រូវការក្នុងស្រុក និងណែនាំបច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់។

យោងតាមក្រសួងធនធានធម្មជាតិបានឱ្យដឹងថា ប្រទេសរុស្ស៊ីកាន់កាប់លោហៈកម្រចំនួន ៦៥៨ លានតោន រួមទាំង ២៨,៥ លានតោននៃប្រភេទកម្រ ១៥ ប្រភេទ។ នេះបើយោងតាមក្រសួងធនធានធម្មជាតិដែលនិយាយថា ទុនបម្រុងគឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេស និងធានាការផ្គត់ផ្គង់រយៈពេលវែង៕

ប្រែសម្រួលៈ ណៃ តុលា

To Top