សម្តេចតេជោ ៖ បុណ្យអុំទូកបង្ហាញភាពសប្បាយរីករាយក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានមានប្រសាសន៍ថា ភាពរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណីវប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ តែមួយក្រោមម្លប់សន្តិភាព។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ៥ វិច្ឆិកានេះ សម្តេចតេជោបានបង្ហាញពីភាពរីករាយនៃបុណ្យអុំទូកនៅខេត្តព្រះសីហនុ ។
ដោយសម្តេចតេជោគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តព្រះសីហនុបាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះតាមបណ្តារមណីយដ្ឋាននានា បានរៀបចំយ៉ាងស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ដើម្បីទទួលភ្ញៀវទេសចរ។
សម្តេចតេជោបន្តថា ភាពរីករាយនេះមិនត្រឹមតែជាការកម្សាន្ត ប៉ុុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពី ការថែរក្សាប្រពៃណីវប្បធម៌ ដ៏សម្បូរបែប របស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ តែមួយក្រោមម្លប់សន្តិភាព៕









