ព័ត៌មានជាតិ

ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រ វិស័យទេសចរណ៍កម្ពុជា បន្ថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុន TUI Group ដែលជាអាជីវកម្មទេសចរណ៍ រួមបញ្ចូលគ្នា ឈានមុខគេលើពិភពលោក នឹងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រ វិស័យទេសចរណ៍កម្ពុជា បន្ថែមទៀត ។

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group និងសហការី អំពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍បន្ថែមទៀត ជាមួយក្រុមហ៊ុន។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ដែលបានជឿទុកចិត្ត លើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគ លើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ ធំៗ ចំនួនពីររួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀត ដូចដែលបានលើកឡើងក្នុងជំនួបនាពេលនេះ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានអញ្ជើញក្រុមហ៊ុន លោក Thomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យកាន់តែច្បាស់ ពីសក្តានុពល ទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស គឺសក្តានុពលនៅតំបន់ អេកូទេសចរណ៍នាភាគឥសាន៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top