សហរដ្ឋអាមេរិក កំពុងស្វែងរកការពង្រីកវត្តមានយោធា នៅក្នុងប្រទេសស៊ីរី ខណៈកងកម្លាំងអ៊ីស្រាអែល កំពុង ឈានទៅមុខ នៅជិតព្រំដែន ភាគខាងត្បូង
ដាម៉ាស់ ៖ យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរីបានឧ្យដឹងថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកការពង្រីកវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់វាលខ្សាច់កណ្តាល របស់ប្រទេសស៊ីរី ដោយការគ្រប់គ្រងអាកាសយានដ្ឋានជាច្រើន និងបង្កើតមូលដ្ឋានថ្មី ក្រោមការត្រួតពិនិត្យ ពេញលេញរបស់អាមេរិក។
របាយការណ៍នេះបានឧ្យដឹងថា ចលនានេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងមូលដ្ឋានយោធា របស់ខ្លួននៅក្នុងវាលខ្សាច់ស៊ីរី ដែលត្រូវបានគេស្គាល់ថាជា Badiya និងធានាសុវត្ថិភាព ទីតាំងសំខាន់ៗ ជាយុទ្ធសាស្ត្រនៅទូទាំងតំបន់។
របាយការណ៍នេះបានឧ្យដឹងទៀតថា គំនិតផ្តួចផ្តើមនេះមានគោលបំណង ជំរុញសមត្ថភាពប្រតិបត្តិការ ការពារផ្លូវភស្តុភារ និងពង្រឹងឥទ្ធិពលនៅជិតតំបន់ ដែលសម្បូរទៅដោយប្រេង និងឧស្ម័ន។
យោងតាមរបាយការណ៍ កងកម្លាំងចម្រុះដឹកនាំ ដោយសហរដ្ឋអាមេរិកមកពីមូលដ្ឋាន al-Tanf ថ្មីៗនេះបានត្រួតពិនិត្យ អាកាសយានដ្ឋានយោធា al-Seen នៅភាគឦសាន នៃទីក្រុងដាម៉ាស់ ដើម្បីវាយតម្លៃពីភាព សមស្របរបស់វា សម្រាប់ប្រតិបត្តិការ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងជាមួយអង្គភាពមកពីកងកម្លាំងសន្តិសុខ Badiya ដែលឥឡូវនេះសម្រប សម្រួលជាមួយក្រុមចម្រុះ ក្រោមការរៀបចំសន្តិសុខរួមគ្នា។
ក្រុមសង្កេតការណ៍នេះ ក៏បានលើកឡើងពីការសាងសង់ប៉ុស្តិ៍សម្ព័ន្ធភាពថ្មីមួយ នៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់-ហ្ស៊កដានី និងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកកើនឡើងនៅជុំវិញតំបន់ Palmyra ដោយបង្ហាញថាទីក្រុងវ៉ាស៊ីនតោន អាចនឹងកំពុងរៀបចំមូលដ្ឋាន បន្ថែមនៅក្នុងតំបន់នោះ៕
ប្រែសម្រួល ឈូក បូរ៉ា
