ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ ប្រកាសតំបន់ព្រំដែនអេហ្ស៊ីប ជាតំបន់យោធាបិទ ដើម្បីទប់ស្កាត់ការរត់ពន្ធ អាវុធដោយយន្ដហោះដ្រូន

យេរូសាឡឹម៖​ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា លោកបានបញ្ជាឱ្យកងកម្លាំង ការពារជាតិអ៊ីស្រាអែល (IDF) ប្រកាសតំបន់ តាមបណ្តោយព្រំដែនអ៊ីស្រាអែល-អេហ្ស៊ីបជាតំបន់យោធាបិទ ដើម្បីបញ្ឈប់ការ គំរាមកំហែងកាន់តែខ្លាំងឡើងពីការ រត់ពន្ធអាវុធយន្ដហោះដ្រូន ។

លោក Katz ថ្លែងបន្ទាប់ពីកិច្ចប្រជុំស្តីពីការ គំរាមកំហែងដោយយន្តហោះ គ្មានមនុស្សបើកនៅក្រសួងការពារជាតិ បានឧ្យដឹងថា លោក និងលោក David Zini ប្រធាន ទីភ្នាក់ងារសន្តិសុខ Shin Bet បានយល់ព្រមចាត់ថ្នាក់ការ រត់ពន្ធអាវុធដោយយន្តហោះ គ្មានមនុស្ស បើកឆ្លងកាត់ព្រំដែនថាជា “ការគំរាមកំហែងភេរវកម្ម”។

លោក Katz បានលេីកឡេីងថា “យើងកំពុងប្រកាសសង្គ្រាម – អ្នកណាដែលបំពានតំបន់ហាមឃាត់នឹងត្រូវវាយប្រហារ”​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការពារជាតិអ៊ីស្រាអែល បានឧ្យដឹងថា នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ដែលជាសាខាមួយ ដែលទទួលខុសត្រូវ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធទំនើប នឹងលើកកម្ពស់វិធានការ ទប់ទល់បច្ចេកវិទ្យា។

ចលនានេះកើតឡើងចំពេល មានឧប្បត្តិហេតុម្តងហើយម្តងទៀត នៃសកម្មភាពយន្តហោះគ្មានមនុស្ស បើកតាមបណ្តោយព្រំដែន ភាគខាងត្បូង ដែលមន្ត្រីអ៊ីស្រាអែលឧ្យដឹងថា ត្រូវបានប្រើប្រាស់​ ដើម្បីរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្គាហ្សា និងដើម្បីគាំទ្រ ក្រុមសកម្មប្រយុទ្ធ។

លោកបានបន្ដថា ការរត់ពន្ធបែបនេះគឺ «ជាផ្នែកមួយ នៃសង្គ្រាមនៅហ្គាហ្សា​ ហើយ ត្រូវតែបញ្ឈប់ដោយ មធ្យោបាយទាំងអស់ដែលមាន»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top