ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ ការងារដោះមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ គឺមិនអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការ ដោយឯកតោភាគីឡើយ

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឲ្យដឹងថា ការងារដោះមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ត្រូវស្ថិតក្រោម សមត្ថកិច្ច និងយន្តការក្រុមការងារ សម្របសម្រួលចម្រុះកម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដោយឯកតោភាគីឡើយ ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានជម្រាបជូនសាធារណជន ឱ្យបានជ្រាបអំពីវឌ្ឍនភាពការងារ ដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាព នៅព្រំដែនកម្ពុជា និងថៃ ថា ក្នុងគោលបំណងការពារអាយុជីវិតជនស៊ីវិល ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងយោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នា ឱ្យមានការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force-JCTF) កម្ពុជា-ថៃ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន កម្ពុជា-ថៃ សម្រាប់ធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដែលត្រូវបានព្រមព្រៀង ដោយក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) ។

អ្នកនាំពាក្យ គូសបញ្ជាក់ថា « ការងារដោះមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមការងារ សម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដោយឯកតោភាគីឡើយ។ ភាគីកម្ពុជា និងភាគីថៃ ត្រូវគោរពឱ្យបាននូវគោលការណ៍ ដែលបានឯកភាពគ្នា និងនិយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures-SOP) ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥» ។

អ្នកនាំពាក្យ បន្ដថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ មានភារកិច្ចកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន ព្រមទាំងអនុម័ត លើផែនការសកម្មភាព សម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌ ។ ក្រោយពីក្នុងតំបន់អាទិភាពនៅព្រំដែន ត្រូវបានអនុម័ត ដោយក្រុមផែនការសកម្មភាព សម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌ ការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) នឹងសម្របសម្រួលជាមួយ នឹងប្រតិបត្តិករដោះមីន ដើម្បីធ្វើការដោះមីនមនុស្សធម៌ ដោយឯករាជ្យ និងដាច់ដោយឡែកពីគ្នា ក្នុងតំបន់អាទិភាពដែលត្រូវបានកំណត់ និងឯកភាពនោះ។ ក្រៅពីតំបន់អាទិភាព ដែលត្រូវបានកំណត់ និង ឯកភាព គឺមិនអនុញ្ញាតឱ្យមានប្រតិបត្តិការ នៃការដោះមីនមនុស្សធម៌ជាលក្ខណៈឯកតោភាគី នៅតំបន់ព្រំដែន ដែលមិនទាន់មានការ កំណត់ខ័ណ្ឌសីមាច្បាស់លាស់ឡើយ (not yet demarcated) ដោយរង់ចាំការ សម្រេចពីក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) ៕

To Top