ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ប្រាប់អង្គទូតពីប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែន កម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព ដោយគោរពច្បាប់អន្តរជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់​សាជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។

នាឱកាសអញ្ជើញ ធ្វើបទបង្ហាញ ជូនអង្គទូតបរទេស ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាប ជូនអំពីបច្ចុប្បន្នភាព នៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុង ការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ឡើង វិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរព ច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នា ក្រោមសេចក្តីថ្លែងការណ៍ រួមមាន ការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតីភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុក ចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតីរវាងកម្ពុជា និងថៃ។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់ របស់កម្ពុជាចំពោះការប្ដេជ្ញាចិត្ត និងការត្រៀមខ្លួន ដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតនូវការថ្លែងអំណរគុណររបស់កម្ពុជា ចំពោះប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់ សម្រាប់ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍ រួមទីក្រុងគូឡាឡាំពួ។

ក្នុងអំឡុងនៃបទបង្ហាញនេះ មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ បានផ្តល់ព័ត៌មាន លម្អិតជាក់លាក់បន្ថែមទៀតអំពី វិធាន នីតិវិធី និងផែនការសកម្មភាព ដែលបានព្រមព្រៀងដោយភាគី ទាំងពីរ ពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការដោះមីនមនុស្សធម៌ ជូនអង្គទូតបរទេស៕

To Top