ព័ត៌មានជាតិ

ស្ថានទូតចិន ប្រចាំនៅកម្ពុជា ជំរុញឱ្យមានការពង្រឹង ចំណងវប្បធម៌ និងមិត្តភាពរវាងយុវជនកម្ពុជា-ចិន

ភ្នំពេញ, ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានរៀបចំពិធីបើកទិវាបើកទ្វារដោយភាពអធិកអធម ដើម្បីរឹងចំណងមិត្តភាព ដែកថែប រវាងប្រជាជនទាំងពីរ ស្របពេលដែលឆ្នាំនេះគឺជា “ឆ្នាំទេសចរណ៍ចិន-កម្ពុជា” ។

លោកស្រី ចុង ចៀ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកថា ការជួបជុំគ្នាបែបនេះអាចនឹងធ្វើឲ្យយើងកាន់តែយល់ច្បាស់ និងទទួលអារម្មណ៍កាន់តែជ្រាលជ្រៅថា ប្រទេសចិន និងកម្ពុជាគឺជាអ្នកជិតខាងល្អ មិត្តល្អ និងបងប្អូនល្អ។

លោកស្រីបញ្ជាក់ថា កម្មវិធីនេះ មានការសម្តែងសិល្បៈបែបចិនផ្សេងៗ បង្ហាញម្ហូបអាហារបែបប្រពៃណីចិន និង ភាពសម្បូរបែបនៃភូមិសាស្ត្រ វប្បធម៌មនុស្ស និងទំនៀមទម្លាប់របស់ប្រទេសចិន តាមរយៈការសរសេរអក្សរផ្ចង់ គំនូរ) និងអាហារឆ្ងាញ់ៗនៅក្នុងទិវាបើកទ្វារនេះ។
លោកស្រីថុង សាវលីង អនុប្រធានសមាគមការទូតសាធារណៈចិន បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ ជាការបោះជំហានយ៉ាងសំខាន់ ក្នុងការអនុវត្ត “ឆ្នាំទេសចរណ៍ ចិន-កម្ពុជា” ឆ្នាំ ២០២៥ ដែលនឹងលើកកម្ពស់ ចំណងវប្បធម៌និងទេសចរណ៍ ស្វែងយល់ពីសិល្បៈវប្បធម៌ និងបទពិសោធន៍ម្ហូបអាហារបែបប្រពៃណី ដែលមានលក្ខណៈពិសេសតាមតំបន់នៃប្រទេសចិន ។

ក្រុមយុវជនកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីនោះបាន បង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ហើយបានអរគុណដល់ភាគីចិន ដែលបានរៀបចំឱ្យមានកម្មវិធីបែបនេះឡើង ដើម្បីបើកឱកាសដល់យុវជននៃប្រទេសទាំងពីរកម្ពុជាចិនបានជួបជុំស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា ភ្ញៀវចូលរួមក្នុងកម្មវិធីនេះ មកពី“ផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន” តំណាងសមាគមការទូតសាធារណៈចិន, សហព័ន្ធភោជនីយដ្ឋានចិនពិភពលោក, ក្រុមសិល្បៈចិន, និងសមាគមលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មម្ហូបអាហារ Chaoshan ក្រុង Shantou!ជាដើម ៕

To Top