រាជរដ្ឋាភិបាល តែងតែនៅជាមួយប្រជាកសិករ គ្រប់កាលៈទេសៈ
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បានលើកឡើងថា រាជរដ្ឋាភិបាល តែងតែនៅជាមួយប្រជាកសិករគ្រប់កាលៈទេសៈ ចំពោះការជួយអន្តរាគមន៍ពាក់ព័ន្ធទីផ្សារស្រូវ។
ក្នុងឱកាសអញ្ជេីញនាំយកស្រូវពូជ ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនកសិករ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឌិត ទីណាបានថ្លែងថា រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិ ជាសេនាធិការ តែងតែនៅជាមួយ ប្រជាកសិករគ្រប់កាលៈទេសៈ ដូចជា៖ នៅពេលខ្វះទឹកជួយដោះស្រាយទឹកជូន , ពេលខូចខាត ដោយសារទឹកជំនន់ ជួយចែកស្រូវពូជជូន ហើយដល់ពេល ប្រមូលផល ជួយស្វែងរកទីផ្សារជូន ទោះមិនបានតម្លៃដូចការចង់បាន ប៉ុន្តែមិនឱ្យកកស្ទះរហូតដល់ខូចខាត ស្រូវរបស់ប្រជាកសិករឡើយ។

សូមបញ្ជាក់ថា ក្នុងកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ចែកជូនកសិករ នៅខេត្តតាកែវនោះ បាននាំយកស្រូវពូជចំនួន ២៩,៩ តោន ចែកឲ្យកសិករចំនួន ២៩៩ គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកជំនន់ជន់លិចដំណាំស្រូវនៅស្រុកទ្រាំង ៕
