បរទេស៖ លោក ទូ វេ (Du Wei) ប្រធានបេសកកម្មការទូតចិន នៅអ៊ីស្រាអែល ត្រូវបានគេរកឃើញថាបានស្លាប់នៅថ្ងៃទី ១៧ ខែឧសភានៅផ្ទះរបស់គាត់ក្បែរតេឡេអាវី។ ការស៊ើបអង្កេតកំពុងដំណើរការ។ នេះបើតាមសេចក្តីរាយការណ៍ពីកាសែត ស្ពូននីក នៅថ្ងៃអាទិត្យនេះ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីស្រាអែលលោក Du Wei ត្រូវបានគេរកឃើញស្លាប់កាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងផ្ទះរបស់គាត់នៅ Herzliya ជាយក្រុង Tel Aviv ។
បច្ចុប្បន្ននៅនឹងកន្លែងប៉ូលីស បានឡោមព័ទ្ធបិទច្រកចូលអាគារ។ មន្ត្រីជំនាញកំពុងស៊ើបអង្កេតកន្លែងកើតហេតុ។
យោងតាមប៉ុស្តិ៍លេខ ១២ ក្រុមគ្រូពេទ្យ មិនបានកត់សម្គាល់ឃើញសញ្ញាណាមួយនៃអំពើហឹង្សាប្រឆាំងនឹងឯកអគ្គរដ្ឋទូតទេ។ ការចង្អុលបង្ហាញដំបូងគឺថា “ជំងឺខ្សោយបេះដូង” គឺជាមូលហេតុនៃការស្លាប់។
ក្រសួងការបរទេស បានបញ្ជាក់ពីការស្លាប់របស់អ្នកការទូត ដែលបានចូលកាន់តំណែងកាលពីខែកុម្ភៈ។
ទោះយ៉ាងណាស្ថានទូតចិន បាននិយាយថាខ្លួនមិនទាន់អាចបញ្ជាក់ព័ត៌មាននេះបានទេ។
អគ្គនាយករងនៃក្រសួងការបរទេសអ៊ីស្រាអែល លោកយូវ៉ាលរូម បានចូលរួមរំលែកទុក្ខដល់លោកស្រីភរិយាឯកអគ្គរដ្ឋទូតចិន ហើយបានផ្តល់ជំនួយដល់ស្ថានទូតចិន នៅពេលចាំបាច់៕