អេហ្ស៊ីប និងកាតា ប្ដេជ្ញារួមគ្នាពង្រឹង បទឈប់បាញ់នៅតំបន់ហ្គាហ្សា
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការវិវឌ្ឍ ទាក់ទងនឹងការពិគ្រោះយោបល់ ដែលកំពុងដំណើរការលើការអនុវត្តផែនការ សន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់តំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការបរទេសអេហ្ស៊ីប ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ នៃការភ្ជាប់តំបន់ West Bank និងតំបន់ហ្គាហ្សា ដើម្បីធានាបាននូវឯកភាពនៃទឹកដីប៉ាឡេស្ទីន ដោយបានបញ្ជាក់ពីសារៈសំខាន់ នៃប្រជាជនប៉ាឡេស្ទីន ក្នុងការគ្រប់គ្រងកិច្ចការរបស់ពួកគេ ខណៈដែលរក្សាឯកភាព នៃការធ្វើការសម្រេចចិត្តរបស់ប៉ាឡេស្ទីន ។
ភាគីទាំងពីរបានពិភាក្សាអំពីការពិគ្រោះយោបល់ ដែលកំពុងដំណើរការនៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ទាក់ទងនឹងការដាក់ពង្រាយ កងកម្លាំងអន្តរជាតិ នៅតំបន់ហ្គាហ្សា ដោយសង្កត់ធ្ងន់ លើតម្រូវការក្នុងការកំណត់អាណត្តិ និងអំណាចរបស់ខ្លួន តាមរបៀបដែលគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញ និងកសាងឡើងវិញដំបូង។
ភាគីទាំងពីរ ក៏បានពិនិត្យឡើងវិញនូវស្ថានភាព នៅតំបន់ West Bank ដោយសង្កត់ធ្ងន់ លើការបដិសេធយ៉ាងច្បាស់លាស់ របស់ពួកគេ ចំពោះសកម្មភាពតាំងទីលំនៅទាំងអស់ និងការរំលោភបំពានម្តងហើយម្តងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យសន្តិភាព និងបង្កើនភាពតានតឹង។ បទឈប់បាញ់ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា បានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា បន្ទាប់ពីជម្លោះរយៈពេលពីរឆ្នាំ។ កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរង់ចាំជាយូរមកហើយត្រូវបានសម្រេច តាមរយៈការសម្របសម្រួល របស់អេហ្ស៊ីប កាតា តួកគី និងសហរដ្ឋអាមេរិក៕
