រុស្ស៊ី វាយប្រហារទីតាំងថាមពល និងដឹកជញ្ជូនរបស់អ៊ុយក្រែន ដែលជាប់ទាក់ទងនឹងយោធា
មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារ សម្របសម្រួលប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន ដែលជាប់ទាក់ទង នឹងយោធារបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា អាកាសចរណ៍យុទ្ធសាស្ត្ររបស់រុស្ស៊ី យន្តហោះគ្មានមនុស្សបើកវាយប្រហារ កងទ័ពមីស៊ីល និងអង្គភាពកាំភ្លើងធំ ពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានវាយប្រហារគោលដៅនៅក្នុងតំបន់ចំនួន ១៤៣។ ទាំងនេះរួមមានទីតាំង ថាមពលដែលគាំទ្រ ដល់ឧស្សាហកម្មយោធា របស់អ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែន ក៏ដូចជាទីតាំងដាក់ពង្រាយបណ្តោះអាសន្ន នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ។
លើសពីនេះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹង ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់មីស៊ីល Neptune រយៈចម្ងាយឆ្ងាយមួយគ្រាប់ គ្រាប់រ៉ុក្កែត HIMARS ផលិតនៅសហរដ្ឋអាមេរិកចំនួន ៧គ្រាប់ និងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ២៤៧ គ្រឿង ។ យោងតាមក្រសួង យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន សរុបចំនួន ៩៥,៨០១ គ្រឿង ត្រូវបានបំផ្លាញចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ៕
