ណាហ្គាវើលដ៍ អបអរសាទរ ដល់កេរដំណែល ១០០០ ឆ្នាំ នៃស្បែកធំ និងខួប២ទសវត្សរ៍ នៃការចុះបញ្ជី ល្ខោនស្រមោលស្បែកធំ របស់អង្គការយូណេស្កូ
ភ្នំពេញ ៖ នាខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រ យូរអង្វែង ដល់សិល្បៈខ្មែរ ដោយសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរ ដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។

ដើម្បីអបអរដល់ការទទួលស្គាល់ ជាអន្តរជាតិអស់រយៈពេល ២ ទសវត្សរ៍ គំនិតផ្តួចផ្តើមតាំងពិព័រណ៍ដំបូងបំផុត សម្រាប់សាធារណជនទូទៅ ចូលទស្សនាដោយសេរីនេះ នឹងមានការតាំងបង្ហាញស្បែកធំ អមជាមួយការសម្តែងផ្ទាល់ នៃវង់ភ្លេងពិណពាទ្យំ សិក្ខាសាលាឆ្លាក់រូបស្បែក ដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ ជូនជាច្រើនទៀត ។ ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកានេះ សាធារណជនអាចឈ្វេងយល់ ពីប្រវត្តិនៃល្ខោនស្រមោល ស្បែកធំរបស់ខ្មែរ ហើយពួកគេក៏អាចចូលរួមសកម្មភាព ពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

ការតាំងពិព័រណ៍នេះ នឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការសម្តែង ពិសេសផ្តល់ជូនដោយ សមាគមសិល្បៈសុវណ្ណភូមិ សហការជាមួយ នាយកដ្ឋានសិល្បៈទស្សនីយភាព ។

ស្បែកធំ គឺជាសក្ខីកម្មនៃកម្លាំង និងប្រវត្តិសាស្ត្រនៃវប្បធម៌របស់ខ្មែរ ។ មានប្រវត្តិជាង ១០០០ ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថា បានចាប់កំណើត មុនសម័យអង្គរមកម៉្លេះ។ ស្បែកធំ ត្រូវបានយកទៅសម្តែងជារឿងរាមកេរ្តិ៍ របស់ខ្មែរដែលប្រែសម្រួល ចេញពីរឿងរាមាយាណៈរបស់ឥណ្ឌា តាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមជាមួយចលនា និងការប្រគំភ្លេង ពិណពាទ្យ ដោយផ្ទាល់។ ស្បែកធំសឹងតែផុតរលត់ ក្នុងអំឡុងរបបខ្មែរក្រហម ដែលសេរីភាពវប្បធម៌ ត្រូវបានបិទខ្ទប់នាពេលនោះ។
ប៉ុន្មានឆ្នាំក្រោយមក គ្រូ និង អ្នកដែលស្រឡាញ់ ទម្រង់សិល្បៈនេះ ដែលនៅរស់រានមានជីវិត បានធ្វើការឥតរួញរា ក្នុងការបង្ហាត់ ឆ្លាក់ស្បែក និងសម្តែង ។ មានក្រុមការងារមួយ ដែលបន្តដើរតួនាទីយ៉ាងសំខាន់ មកដល់សព្វថ្ងៃនេះ គឺសមាគមសិល្បៈសុវណ្ណភូមិ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក ម៉ាន់ កុសល ។ ថ្វីត្បិតសមាគមនេះ ទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយរោងល្ខោនរបស់ខ្លួនត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ណាហ្គាវើលដ៍ក៏ នៅតែអាចជួយ ឱ្យសមាគមនេះរស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈ នេះតាមរយៈការផ្តល់ការសម្តែង និងរោងជាងដើម្បីជាប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយដដែល ។

ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ណាហ្គាវើលដ៍ នឹងរៀបចំសិក្ខាសាលា និងរោងជាងដែលសាធារណជន អាចរៀនពីបច្ចេកទេស ឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកស្បែកនោះទៅគេហដ្ឋានទុក ជាវត្ថុអនុស្សាវរីយ៍ផងដែរ។ នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀតផងដែរ ។ ប្រាក់ដែលបានពីការជួលសម្លៀកបំពាក់ ការចូលសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគម សិល្បៈសុវណ្ណភូមិ ដើម្បីធានាថាសមាគមអាចបន្តថែរក្សា ទម្រង់សិល្បៈនេះបានយូរអង្វែង ។
ផ្សារភ្ជាប់កេរដំណែល វប្បធម៌ ជាមួយនវានុវត្តន៍ ពិព័រណ៍នេះ ក៏សូមណែនាំបទពិសោធន៍ថ្មីមួយផងដែរ គឺបច្ចេកទេស កាមេរ៉ាឌីជីថល (AR filter) ដែលសាធារណជនអាចថតរូបជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់ស្អាត។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ ជូនការសម្តែងល្ខោនស្រមោល ស្បែកធំអមជាមួយការ ប្រគំភ្លេងពិណពាទ្យ ដោយផ្ទាល់ដើម្បីឧទ្ទិស ដល់ព្រឹទ្ធាចារ្យដែលបាន ថែរក្សាល្ខោនស្រមោល ស្បែកធំ របស់ខ្មែរ ឱ្យមានជីវិត សម្រាប់ក្មេងៗ ជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត ។

ដូច្នេះសូមពុកម៉ែបង ប្អូនទាំងអស់ ចូលរួមទស្សនាការសម្តែងល្ខោន ស្រមោលស្បែកធំ ដ៏អស្ចារ្យនេះនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា ។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវ សណ្ឋាគារណាហ្គាវើលដ៍ទី២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌ ដ៏មានតម្លៃរបស់ខ្មែរជាមួយគ្នា៕
