ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងអះអាង អំពីដំណើរទស្សនកិច្ច របស់លោក Putin ទៅកាន់ប្រទេសឥណ្ឌា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា មុនដំណាច់ឆ្នាំនេះ ដោយនិយាយថា លោករំពឹងថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញ អំពីអត្ថន័យយ៉ាងជ្រាលជ្រៅ រវាងប្រទេសទាំងពីរ។

លោក Putin ធ្លាប់បានលើកឡើងអំពីដំណើរទស្សនកិច្ច កាលពីខែមុន ដោយនិយាយថា លោកទន្ទឹងរង់ចាំជួបជាមួយ មិត្តជាទីស្រឡាញ់ ដៃគូដ៏គួរឱ្យទុកចិត្តរបស់យើង នាយករដ្ឋមន្ត្រី Narendra Modi នៅទីក្រុង New Delhi ក្នុងខែធ្នូខាងមុខនេះ ។
លោកបានបន្ថែមថា ទីក្រុងមូស្គូ មានគោលបំណងដោះស្រាយអតុល្យភាព ពាណិជ្ជកម្មដែលកំពុងកើនឡើង ជាមួយឥណ្ឌាក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលនេះផងដែរ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា ៖ យើងកំពុងរៀបចំយ៉ាងសកម្ម សម្រាប់ដំណើរ ទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសឥណ្ឌា ដែលគ្រោងធ្វើនៅចុងឆ្នាំនេះ។ យ៉ាងណាក្តីលោក​បាន​បដិសេធ​មិន​ប្រាប់​ពី​របៀបវារៈ​ សម្រាប់​ការ​ធ្វើ​ដំណើរ​ដោយ ​និយាយ​ថា​ព័ត៌មាន​លម្អិត​ នឹង​ត្រូវ​បាន​ប្រកាស​ក្នុង​ពេល​វេលា។

លោកPeskov កំពុងឆ្លើយតបទៅនឹង សំណួរលើរបាយការណ៍មួយដោយ Economic Times ដែលអះអាងថារុស្ស៊ី និងឥណ្ឌាមានគម្រោង ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចល័តពលកម្មដើម្បីការពារសិទ្ធិកម្មករឥណ្ឌា និងជំរុញការជ្រើសរើស ចំពេលមានការកើនឡើង នៃតម្រូវការកម្លាំងពលកម្មជំនាញ ផ្នែកគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិច៕

ប្រែសម្រួល៖ស៊ុនលី

To Top