ក្រសួងការងារ និង JCA ឯកភាពគ្នា ពង្រឹងភាព ជាដៃគូជំរុញលើការ បណ្តុះបណ្តាលជំនាញ
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយ លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ដែលបានដឹកនាំប្រតិភូ ២៩រូប ដែលជាថ្នាក់ដឹកនាំសមាគម JCA និងតំណាងក្រុមហ៊ុនសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ជំនួបដ៏មានសារសំខាន់នេះ មានគោលបំណងស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ អំពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្លាស់ប្តូរយោបល់ ក្នុងការសិក្សាលទ្ធភាព សហការលើគម្រោងផ្សេងទៀត និងចែករំលែកអំពីវឌ្ឍនភាព នៃគម្រោង ដែលបានអនុវត្តជាមួយក្រសួង។

លោករដ្ឋមន្ត្រី បានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូសមាគម JCA និងបានកោតសរសើរ រួមទាំងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃកិច្ចសហការ ដែលក្រសួងមានជាមួយ JCA ក្នុងការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំ និងជួសជុលយានយន្ត ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការស្វាគមន៍ រាល់កិច្ច សហការទាំងអស់ ជាមួយភាគីជប៉ុន ក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស ដល់យុវជនកម្ពុជា ជាពិសេស ការផ្ដល់ឱកាស ទៅធ្វើការនៅក្នុងប្រទេសជប៉ុន។

ជាការឆ្លើយតប លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក៏បានគូសបញ្ជាក់ និងកត់សម្គាល់ដូចគ្នាពីភាពរីកចម្រើន កាន់តែល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ជាពិសេស ការបញ្ជូនសិក្ខាកាម ទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនសមាជិក សមាគមកម្ពុជា-ជប៉ុន (JCA) ។ បន្ថែមពីនេះ ដើម្បីជំរុញការ វិនិយោគ របស់ជប៉ុនបន្ថែមទៀត លោកប្រធានសមាគម កម្ពុជា-ជប៉ុន (JCA) បានស្នើឱ្យពង្រឹង នូវកិច្ចសហការ និងការគាំទ្របន្ថែមពីក្រសួងការងារ សម្រាប់ការវិនិយោគ របស់ជប៉ុន ជាបន្តបន្ទាប់នៅកម្ពុជា៕













