អ៊ីរ៉ង់ចង់ឲ្យលោកខាងលិច ទទួលស្គាល់ខ្លួន ជាមជ្ឈមណ្ឌល សិក្សាវិទ្យាសាស្ត្រនុយក្លេអ៊ែរ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយ កាលពីថ្ងៃចន្ទថា បណ្តាប្រទេសលោកខាងលិច នឹងត្រូវទទួលស្គាល់អ៊ីរ៉ង់ ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិភាព។
ថ្លែងក្នុងដំណើរទស្សនកិច្ច ទៅកាន់អង្គការ ថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Araghchi បានសរសើរសមិទ្ធិផល របស់ប្រទេស ក្នុងវិស័យនុយក្លេអ៊ែរ និងបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្ត របស់ទីក្រុងតេហរ៉ង់ ក្នុងការការពារសិទ្ធិ នុយក្លេអ៊ែររបស់ខ្លួន។
លោក Araghchi បាននិយាយទៀតថា ៖គោលដៅចម្បងរបស់បស្ចិមប្រទេសគឺ ដើម្បីដកហូតអ៊ីរ៉ង់ ពីសមត្ថភាព នុយក្លេអ៊ែររបស់ខ្លួន និងរក្សាភាពផ្តាច់មុខរបស់ខ្លួន ដោយបន្ថែមថា បណ្តាប្រទេសលោកខាងលិច នឹងគ្មានជម្រើសអ្វីក្រៅពីការទទួលស្គាល់អ៊ីរ៉ង់ ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រសម្រាប់ ឧស្សាហកម្មនុយក្លេអ៊ែរ ដោយសន្តិភាពនោះទេ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលលោកខាងលិចជារឿយៗបានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថាបានបន្តអាវុធនុយក្លេអ៊ែរ។ យ៉ាងណាក្តីទីក្រុង តេហរ៉ង់ បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថាកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនគឺសំដៅ លើការផលិតថាមពល និងគោលបំណង វេជ្ជសាស្រ្តប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
