អភិបាលខេត្តកំពង់ធំ ជំរុញដល់ឈ្មួញទិញស្រូវ និង ម្ចាស់រោងម៉ាស៊ីនស្រូវ ជួយសម្របសម្រួល ក្នុងការទិញស្រូវ ពីប្រជាកសិករ ចៀសវាងការទិញទម្លាក់ថ្លៃ
កំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញដល់ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករ ឱ្យបានល្អប្រសើរ ចៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និង បញ្ចៀសការកក ស្ទះក្នុងរដូវប្រមូលផល ព្រមទាំងជំរុញដល់ការអភិវឌ្ឍ វិស័យកសិកម្មនៅក្នុងខេត្ត ។

ការជំរុញនេះ របស់លោក នួន ផារ័ត្ន នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញ ស្រូវសំដៅរក្សាលំនឹងថ្លៃស្រូវ នៅក្នុងរដូវប្រមូលផលនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំខែតុលា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន បានលើកឡើងថា បញ្ហាតម្លៃស្រូវ គឺជាបញ្ហារួមរបស់ប្រជាកសិករ ដែលឈ្មួញកណ្តាលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ដែលត្រូវតែស្វែងរកដំណោះស្រាយចំពោះមុខរួមគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង និងឱ្យបានទាន់ពេលវេលាជូនប្រជាកសិករ។

ទោះបីជាការប្រមូលផលស្រូវ នៅមានចំនួនតិចធៀប នឹងផ្ទៃដីបង្កបង្កើនផលនៅឡើយ លោក អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរក្រុងស្រុកទាំង៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបន្តចុះជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាកសិករ ដើម្បីក្តាប់ឱ្យជាប់នូវបញ្ហាប្រឈម ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីដាក់ចេញនូវវិធានការ និងការជួយគាំទ្រដល់ពួកគាត់ឱ្យបានទាន់ពេលវេលា៕
