Covid-19

អាមេរិកប្រកាសផ្តល់ជំនួយ បំពង់ខ្យល់សម្រាប់អ្នកជំងឺដល់ឥណ្ឌា ខណៈនៅប្រទេសខ្លួន មានអ្នកឆ្លងមេរោគកូវីដលើសពី ១,៤លាននាក់

New Delhi៖ នៅពេលដែលអ្នកឆ្លងវីរុសកូរ៉ូណា នៅឥណ្ឌា កំពុងឈានដល់ ៨៥.០០០ នាក់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបន្ថែមជំនួយនិងបានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបរិច្ចាគបំពង់ខ្យល់សម្រាប់អ្នកជំងឺ ដល់រដ្ឋាភិបាលទីក្រុងញូវដែលី របស់ឥណ្ឌា។ លោក ត្រាំ ក៏បានកោតសរសើរនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនត្រា ម៉ូឌី និងបានបញ្ជាក់ជាថ្មីនូវចំណងមិត្តភាព របស់លោកជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ថែមទៀតផង។

ទិន្នន័យថ្មី បានបង្ហាញថា សហរដ្ឋអាមេរិកបានរងគ្រោះ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដែលមានអ្នកឆ្លងចំនួន ១,៤ លានករណី និងចំនួនអ្នកស្លាប់មានចំនួន ៨៨.២៣០ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ុន្មានម៉ោងបន្ទាប់ពីលោកដូណាល់ត្រាំ បានប្រកាសការសម្រេចចិត្ត ក្នុងការបរិច្ចាគបំពង់ខ្យល់ ដល់ប្រទេសឥណ្ឌារួចហើយ លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក ចំពោះការផ្តល់ជូននេះ ហើយបាននិយាយថាវាចាំបាច់ សម្រាប់ប្រជាជាតិនានា ធ្វើការរួមគ្នា ដើម្បីធ្វើឱ្យពិភពលោកមានសុខភាពល្អ និងគ្មានមេរោគកូវីដ ១៩ ។

ខណៈពេលដែលចំនួនពិតប្រាកដ នៃបំពង់ខ្យល់មិនទាន់ត្រូវបាន បញ្ជាក់ដោយរដ្ឋបាល លោក ត្រាំ, របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងថា បំពង់ខ្យល់ចល័តប្រហែល ២០០ ដែលមួយត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល ១ លានរូពី នឹងត្រូវបញ្ជូនទៅឥណ្ឌា។

លោក ដូណាល់ ត្រាំ ក៏បានលើកឡើងនៅក្នុងធ្វីតធ័រ របស់លោកថា ឥណ្ឌានិងអាមេរិក កំពុងសហការអភិវឌ្ឍវ៉ាក់សាំង ការពារមេរោគកូវីដ១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top