ព័ត៌មានអន្តរជាតិ

លោក ត្រាំ ដកហូតតំណែង ប្រធានមន្ត្រីត្រួតពិនិត្យ ក្រសួងការបរទេស

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានជូនដំណឹងដល់រដ្ឋសភា នៅក្នុងសារលិខិតមួយថា លោកបានដកហូតតំណែង ប្រធានមន្ត្រីផ្នែកត្រួតពិនិត្យ លោក Steve Linick ប៉ុន្តែមិនបានផ្តល់មូលហេតុជាក់លាក់ នៃការដកហូតតំណែងនោះទេ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ត្រាំ បានសរសេរនៅក្នុងលិខិត ផ្ញើឲ្យរដ្ឋសភានោះថា លោក Linick មិនមានទំនុកចិត្តពេញលេញ ពីលោកទៀតទេ ហើយគាត់នឹងត្រូវដកចេញ ពីតំណែងក្នុងរយៈពេល ៣០ថ្ងៃ។

ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចការបរទេសរបស់រដ្ឋសភា លោក Eliot Engel បាននិយាយប្រាប់ថា ការដកហូតពីតំណែងនេះ បានកើតមានយ៉ាងពិសេស ក្រោយលោក Linick បានបើកការស៊ើបអង្កេត ទៅលើរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top