ជាង៩៩% នៃមន្រ្តីរាជការក្រសួង មុខងារសាធារណៈ បានចូលរួមធ្វើជំរឿន
ភ្នំពេញ ៖ មន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដោយផ្ទាល់ របស់លោក ហ៊ុន ម៉ានី គឺមានប្រមាណជាង ៩៩% នៃមន្ត្រីរាជការសរុប បានចូលរួមដោយផ្ទាល់ ក្នុងការធ្វើជំរឿន មន្ត្រីជាក់ស្តែងរួចរាល់ហើយ។

ការរកឃើញ៩៩% ដែលបានចូលរួមធ្វើជំរឿននេះ ក្រោយក្រសួងមុខងារសាធារណៈ បានបញ្ចប់ការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរបស់ខ្លួន ដោយរលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលបានកំណត់។

ការធ្វើជំរឿនមន្ត្រី រយៈពេល៣ថ្ងៃនេះចាប់ពីថ្ងៃ១១-១៣វិច្ឆិកា មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត នៃរចនាសម្ព័ន្ធចំណុះក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជាង ៩៩% ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អ និងពេញចិត្តចូលរួម ក្នុងយុទ្ធនាការធ្វើជំរឿននេះ។

ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីដែលអវត្តមាន មិនបានអញ្ជើញមកក្នុងពេលនេះ កើតមានដោយសារ ស្ថានភាពចាំបាច់នានា ដូចជាកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរ នៅមន្ទីរពេទ្យ និងកំពុងបំពេញបេសកកម្ម និងស្ថិតក្នុងវគ្គបណ្តុះបណ្តាល នៅក្រៅប្រទេសជាដើម។

ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទាំងនោះ សុទ្ធតែត្រូវបានកត់ត្រាទុក ដោយមានឯកសារផ្លូវការ បញ្ជាក់ពីមូលហេតុត្រឹមត្រូវ ឬឯកសារអះអាងនានា ដែលគណៈកម្មការអាចទទួលស្គាល់ និងទទួលយកបាន៕




