ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កម្ពុជា នៅតែប្រកាន់យកជំហរ ក្នុងការដោះស្រាយបញ្ហាពំ្រដែន កម្ពុជា-ថៃ ដោយសន្តិវិធី ព្រោះ​ថា ការដោះស្រាយដោយអំពើហឹង្សា មិនផ្តល់ផលប្រយោជន៍​ ណាមួយឡើយ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា នៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថា ការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយឡើយ។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានចុះទៅសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃ នៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និង ព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ ដោយជោគជ័យសង្គ្រោះជីវិត នៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។

សម្ដេចធិបតី ក៏បានអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចរបស់យើង ដែលបានចាត់វិធានការលឿនរហ័ស ក្នុងការអន្តរាគមន៍ជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យ បានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ នៅមន្ទីរពេទ្យមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរ ស្លូតត្រង់របស់យើងទាំង៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរ ដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ។

សម្ដេចធិបតី គូសបញ្ជាក់ថា «កម្ពុជានៅតែប្រកាន់យកជំហរ ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ស៊ីវិលស្លូតត្រង់ថែមទៀត»៕

To Top