លោក ម៉ូវ ម៉ានិត ត្រូវបានប្រកាសជាអភិបាលខណ្ឌច្បារអំពៅ ខណៈលោក ចេង មុន្នីរ៉ា ជាអភិបាលខណ្ឌសែនសុខវិញ
ភ្នំពេញ ៖ លោក ម៉ូវ ម៉ានិត ពីអភិបាលខណ្ឌសែនសុខ ត្រូវបានប្រកាសឱ្យកាន់តំណែង ជាអភិបាលខណ្ឌច្បារអំពៅ ខណៈដែល លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ មកជាអភិបាលខណ្ឌសែនសុខវិញ ជាមួយគ្នានេះ លោក ជា ពិសី ត្រវបានប្រកាស ឱ្យកាន់ជាអភិបាលខណ្ឌទួលគោក សម្រាប់អាណត្តិទី២។

ក្នុងឱកាសដោះដូរអភិបាលខណ្ឌនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យបន្តការងារបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងការផ្តល់សេវា ឱ្យកាន់តែកៀកកិត ជូនពលរដ្ឋជាដើម។

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។

ជាមួយគ្នានោះ ក៏មានការប្រកាសឱ្យកាន់តំណែងជាអភិបាលរងខណ្ឌមួយចំនួនផងដែរ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងរយៈពេល១៧ឆ្នាំកន្លងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ដារ អភិវឌ្ឍន៍រាជធានីភ្នំពេញ មានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវភាពជោគជ័យជាច្រើន។

បន្ថែមលើនេះ លោកអភិបាលរាជធានី បានលើកឡើងថា សម្រាប់ការប្រកាសចូលកាន់តំណែង និងផ្ទេរភាពកិច្ចនៅថ្ងៃនេះ គឺជារឿងធម្មតា សម្រាប់មន្ត្រីរាជការស៊ីវិល ដែលតែងតែត្រូវបានផ្លាស់ប្ដូរមុខតំណែង។ ជាក់ស្ដែងនៅពេលនេះបានប្រកាសតែងតាំងផ្ទេរភារកិច្ចអភិបាលខណ្ឌចំនួន២រូប អភិបាលរងខណ្ឌជាច្រើនរូបទៀត៕
ដោយ៖ ដារាត់| ដើមអម្ពិល

