ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ថ្កោលទោសការអះអាង របស់ក្រុមប្រទេស G7 ថាគ្មានមូលដ្ឋាន និងមិនទទួលខុសត្រូវ

តេអេរ៉ង់៖​ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបដិសេធការអះអាងប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រុមប្រទេសទាំងប្រាំពីរ (G7) ថ្មីៗនេះ ដោយហៅពួកគេថា “គ្មានមូលដ្ឋាន និងមិនទទួលខុសត្រូវ”។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួង ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួម ដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 កាលពីថ្ងៃពុធ នៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់ពួកគេនៅក្នុងតំបន់ Niagara ប្រទេសកាណាដា។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ រដ្ឋមន្ត្រីការបរទេស G7 បានថ្កោលទោស អ៊ីរ៉ង់ ចំពោះការអះអាងផ្តល់ការគាំទ្រ ផ្នែកយោធាដល់រុស្ស៊ីក្នុងសង្គ្រាមជាមួយ អ៊ុយក្រែន និងបានជំរុញឱ្យទីក្រុងតេអេរ៉ង់​ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបន្តកិច្ចសហប្រតិបត្តិការពេញលេញ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) រួមទាំងតាមរយៈការអនុញ្ញាត ឱ្យមានការត្រួតពិនិត្យរោងចក្រ និងសម្ភារៈនុយក្លេអ៊ែរទាំងអស់ ។

ពួកគេក៏បានជំរុញឱ្យអ៊ីរ៉ង់ ចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដោយមានការគាំទ្រពីប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថាជា E3 ហើយបានអំពាវនាវឱ្យរដ្ឋជាសមាជិកអង្គការ សហប្រជាជាតិទាំងអស់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ពួកគេ បន្ទាប់ពីការធ្វើឱ្យសកម្មនៃយន្តការ “snapback” ដែលបានស្ដារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងតេអេរ៉ង់​ នៅក្នុងខែកញ្ញា។

លោក Baghaei បានថ្កោលទោសប្រទេស G7 ចំពោះជំហរ “មិនទទួលខុសត្រូវ” របស់ពួកគេក្នុងការគាំទ្រអ្វីដែលលោកហៅថាសកម្មភាព “ខុសច្បាប់ និងមិនសមហេតុផល” ដោយ E3 និងសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ខុសយន្តការដោះស្រាយជម្លោះ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥​ ដើម្បីស្ដារឡើងវិញនូវទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top