ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជា -WB បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់គុណភាព សេវាសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក(WB)បានរួមសហការគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងឈានទៅរកការគ្របដណ្តប់សុខភាពជាសកល ។

ក្នុងជំនួបជាមួយលោកស្រី Mariam Sherman នាថ្ងៃ១៣ វិច្ឆិកា សាស្ត្រាចារ្យ ឈាង ថ្លែងអំណរគុណ ដល់ធនាគារពិភពលោក ដែលបានសហការគាំទ្រ ក្រសួងសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះគម្រោងអាហារូបត្ថម្ភ , គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល , គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្នកូវីដ-១៩ ។

លោកស្រី Mariam Sherman បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្ររបស់ធនាគារពិភពលោក បានចូលរួមចំណែក ក្នុងវិស័យសុខាភិបាល របស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេច បានការគ្របដណ្តប់ សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក និងក្រសួងសុខាភិបាល ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការគាំទ្រ របស់ធនាគារពិភពលោក និងបានសំណូមពរ ឱ្យអ្នកជំនាញការ និងអ្នកបច្ចេកទេស របស់ធនាគារ ពិភពលោក សហការ និងបន្តពិភាក្សាឱ្យបានជិតស្និតជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណា ដើម្បីឱ្យសម្រេច បាននូវសូច្ចនករ ដែលបានកែសម្រួល ។ ជាងនេះទៅទៀត សាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តោតសំខាន់ថា គម្រោងខាងលើ គឺពិតជាមាន សារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក ក្នុងការសម្រេច ឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាព សុខាភិបាល ដើម្បីឈានទៅរកការសម្រេច បាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលកម្ពុជា ៕

To Top