នាយករដ្ឋមន្រ្តីកម្ពុជា ប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពីជំហរកម្ពុជា បន្តដោះស្រាយជម្លោះព្រំដែន ជាមួយថៃ ដោយសន្តិវិធី
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបសន្ទនាជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាស្វែងរក ដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមយន្តការដែលមានស្រាប់ ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចធិបតីមានប្រសាសន៍ថា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចបានជួបពិភាក្សា តាមទូរសព្ទជាមួយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការ បន្តស្វែងរកដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។
ជាមួយនឹងជំនួបនេះ សម្តេចធិបតីបានថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានបន្តដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយ ដោយសន្តិវីធីរវាងកម្ពុជា និងថៃ ។
សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា កម្ពុជាបន្តរក្សាជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការ ដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅ ដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា សម្តេចធិបតីបានជួបជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាថ្មីនេះ បន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃ ទៅលើជនស៊ីវិលខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់ បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួសមានចំនួន ៣នាក់ ។ ក្នុងនោះប្រជាពលរដ្ឋខ្មែរចំនួន៤០០គ្រួសារ ត្រូវបានបង្ខំចិត្តចាកចោលផ្ទះសម្បែង ជាទីជម្រកសុខសាន្តទៅរកកន្លែងមានសុវត្ថិភាពផងដែរ៕
