ព័ត៌មានជាតិ

ស្នងការខេត្តស្វាយរៀង សម្រេចដកបញ្ឈរជើង មេប៉ុស្ដិ៍ឃុំព្រែកតាអី ក្រោយប្រើពាក្យសម្ដី មិនសមរម្យលើពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសម្រេចបញ្ជាឲ្យដកបញ្ឈរជើងលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំព្រែកតាអី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដែលប្រើប្រាស់ពាក្យសម្ដី មិនសមរម្យលើប្រជាពលរដ្ឋដែលរងគ្រោះ នៅពេលទៅដាក់ពាក្យបណ្ដឹងករណីចោរលួចម៉ូតូ។

ការសម្រេចដកបញ្ឈរជើងនាយប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំព្រែកតាអីនេះ ធ្វើឡើងបន្ទាប់ជនរងគ្រោះ ដែលរង នូវពាក្យសម្ដីស្ដីបន្ទោស ពីសំណាក់លោកមេប៉ុស្ដិ៍ បានបញ្ចេញវិដេអូចែកចាយនៅលើបណ្ដាញសង្គម និងមានមតិមហាជន ជាច្រើនបានរិះគន់ពីទង្វើដ៏អសីលធម៌ របស់លោកមេប៉ុស្ដិ៍រូបនេះយ៉ាងខ្លាំង។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ វិច្ឆិកា​ នេះថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខ នៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត។

លោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ តែបែរជាលោកមេប៉ុស្ដិ៍ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងស្ដីបន្ទោសទៅវិញ៕

ដោយ ÷ រត្ន័ សុខជា

To Top