បទវិចារណកថាខ្លី៖ សីលធម៍មន្រ្តី និងសតិអារម្មណ៍ប្រជាពលរដ្ឋ
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ តែបែរជាលោកមេប៉ុស្ដិ៍ ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងស្ដីបន្ទោសទៅវិញ។
ដោយឡែកចំពោះករណីផ្សេងមួយទៀត ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ គឺជម្លោះពាក្យសម្ដី រវាងបុគ្គលិកដឹកជញ្ជួនម្នាក់ជាមួយអតិថិជន ដែលគេស្គាល់ថាជាមន្រ្តីនគរបាលពាក់សក្ដិ៥ ជុំវិញការតេទូរស័ព្ទសុំបញ្ជាក់ទីតាំង ដើម្បីដឹកទំនិញជូន។
ករណីនេះត្រូវបានមហាជន រិះគន់យ៉ាងចាស់ដៃទៅលើអតិថិជន ដែលខ្លួនជាមន្រ្តីបែរជាប្រើពាក្យសម្ដីមិនសមរម្យ ចំពោះអ្នកដឹកជញ្ជួនដោយមានខ្លឹមសារដូចខាងក្រោម៖


បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មន្រ្តីនគរបាលពាក់សក្ដិ៥ រូបនេះមានឈ្មោះ ខៀវ សុងច័ន្ទសុធា មានតួនាទីជាអនុប្រធាននាយកដ្ឋានមួយ ចំណុះក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ ។
ក្រោយមានការប៉ះទង្គិចពាក្យសម្ដី និងត្រូវបានចុះផ្សាយនៅលើសារព័ត៌មាន «DAP Hot News» និងបណ្ដាញសង្គមផ្សេងៗមួយចំនួនទៀតនោះ លោក ខៀវ សុងច័ន្ទសុធា បានប្រើគណនីហ្វេសប៊ុកឈ្មោះ «David YaYa» មកវាយប្រហារលើអ្នកសារព័ត៌មានថា «អ្នកកាសែតមមីមាន់មានកាតពាក់នៅនឹង-ក គម្រាមប៉ូលិសទាំងព្រឹកម៉ង»។

បន្ថែមលើសពីនេះ លោក ខៀវ សុងច័ន្ទសុធា ក៏បានប្រើគណនីហ្វេសប៊ុកដដែល បង្ហោះនូវឯកសារឆ្លើយឆ្លងគ្នា រវាងខ្លួនជាមួយអ្នកដឹកជញ្ជួន ដោយភ្ជាប់នូវខ្លឹមសារថា «ធ្វើការដឹកជញ្ជូនផង ធ្វើអ្នកកាសែតផង ចង់អោយរៀនសីលធម៌ឡើងវិញ មុន នឹងធ្វើការខលដឹកអីវ៉ាន់អោយគេ ត្រូវឆាតប្រាប់គេជាមុនសិន ថាខ្ញុំដឹកអីវ៉ាន់ ជូនបង បងជួយទម្លាក់ទីតាំងមក មិនមែនខលមកភ្លុយៗអញ្ចឹងទេ លេខមិន ស្គាល់ ខ្ញុំមិនលើកទេ ជាពិសេសតាមTelegram ហើយខលមកទាំងព្រឹក កំពុងរវល់ផង អ្នកណាមិនក្តៅ ខ្ញុំទទួលស្គាល់ថាខ្ញុំសម្តីអាក្រក់ ព្រោះគេងមិន ឆ្អែត មួរម៉ៅពីយប់ តែចង់ផ្តាំទៅបុគ្គលនេះ ទៅរៀនសីលធម៌ឡើងវិញ គម្រាមខ្ញុំមុនសោះ ថាចង់ល្បីមែន មកថាខ្ញុំគម្រាមទៅវិញ ខ្ញុំសូមផ្តាំទៅលោក សយ សុភាព ចាងហ្វាងកាសែតដើមអម្ពិល រឿងនេះជា រឿងបុគ្គល និងបុគ្គល ឈ្លោះប្រកែកសម្ដីគ្នាធម្មតាប៉ុណ្ណោះ សូមលោកផូស រឿងជាតិ រឿងសៀមឈ្លានពានទឹកដីខ្មែរទៅ នេះជារឿងបុគ្គល និងបុគ្គល សំខាន់គម្រាមខ្ញុំហើយ លុបឆាតTelegram ជាមួយគ្នាចោលទៀត អ្នកដឹកសម័យទំនើប»។

បន្ទាប់ពីការចុះផ្សាយជាបន្តបន្ទាប់ គណនីហ្វេសប៊ុកឈ្មោះ «David YaYa» ក៏ត្រូវបានគេឃើញមានការចាក់សោរប្រវត្តិរូប «locked his profile» បាត់ទៅ។

ចំពោះករណីជម្លោះពាក្យសម្ដីខាងលើ ត្រូវបានមហាជនចូលទៅបញ្ចេញមតិព្រោងពា្រត ដោយសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះពាក្យសម្ដីមិនសមរម្យ របស់មន្រ្តីនគរបាលពាក់សក្ដិ៥ ខៀវ សុងច័ន្ទសុធា៕



