លោក ហួត ហៃ៖ ទិវាអនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកា គឺជាសារមួយ ជំរុញឱ្យកើតមានសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថាន
ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជឿជាក់ថា ការចូលរួម ទិវាអនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកា គឺជាសារមួយ ជំរុញ ឱ្យកើតមាននូវសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថានទូទាំងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ តម្លៃបរិស្ថានស្អាត ។

ការថ្លែងរបស់ លោក ហួត ហៃ ខាងលើនេះ ធ្វើឡើង ខណៈដែលលោក តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអធិបតីភាព ក្នុងកម្មវិធីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ” ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារមុខវត្តបុទុមវត្តី។

ក្នុងនោះ លោក ហួត ហៃ បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្ត និងថែរក្សា នូវស្ថិរភាព នយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នាំឱ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះ វិស័យបរិស្ថាន ត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ លើការការពារថែរក្សា ធនធានធម្មជាតិ អភិរក្សជីវចម្រុះ គុណភាពបរិស្ថាន (ទឹក ដី ខ្យល់) និងសុខភាព សាធារណៈ។

បន្ថែមលើនេះ លោកអភិបាលរងរាជានីភ្នំពេញ បានលើកឡើងថា ដើម្បីធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់ លើកកម្ពស់លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យបានត្រឹមត្រូវដោយត្រូវវាវចខ្ចប់ និងញែកសំរាម សំណល់រឹង ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ត្រូវដាក់ដោយឡែកពីសំណល់រឹង ដែលត្រូវបោះចោល ។

លោក ហួត ហៃ បានអះអាងថា ការប្រារព្ធទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា នាពេលនេះ គឺជាការបំផុសស្មារតី ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ ឯកជន គ្រឹះស្ថានសាធារណៈ វត្តអារាម វិហារសាសនា រដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បណ្តាមូលដ្ឋាន ផលិតកម្ម សេវាកម្ម អាជីវកម្ម និងអ្នកពាក់ព័ន្ធនានា ដោយចាប់ផ្តើម អនុវត្តនូវ សកម្មភាពនៃយុទ្ធនាការ សំអាតអនាម័យបរិស្ថាន នៅតាមទីតាំងរៀងៗខ្លួន ឱ្យបានជាប់ជាប្រចាំ និងជាពិសេសការចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក សំដៅលើកកម្ពស់អនាម័យបរិស្ថានស្អាត ។

ក្នុងនោះដែរ លោកអភិបាលរង ជឿជាក់ថា ផ្តើមចេញអំពីសកម្មភាពនៅថ្ងៃនេះ គឺជាសារមួយ ជំរុញឱ្យកើតមាន នូវសកម្មភាព ធ្វើអនាម័យ សំអាតបរិស្ថានទូទាំងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត ដែលធ្វើឱ្យ រាជធានីភ្នំពេញ គ្មានសំរាមរាយប៉ាយ នៅតាមដងផ្លូវ ទីសាធារណៈ ប្រឡាយលូ និងសួនច្បារ រួមចំណែកធ្វើឱ្យ រាជធានីស្អាត មានសោភ័ណភាពស្រស់បំព្រង និងមានផាសុខភាព។

គួរបញ្ជាក់ដែរថា មន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន បានសហការរៀបចំទិវា អនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណង លើកកម្ពស់ អប់រំ និងផ្សព្វផ្សាយឱ្យមានការ ចូលរួមទាំងអស់គ្នា ចូលរួមធ្វើអនាម័យ ក៏ដូចជាកែលម្អសោភ័ណ្ណភាពទីក្រុង៕
ដោយ៖ ដារាត់| ដើមអម្ពិល




