ព័ត៌មានជាតិ

រដ្ឋមន្រ្តី ឌិត ទីណា ៖ កម្មវិធី CAFE25 គឺជាការគិតគូរ រកដំណោះស្រាយ បញ្ហាពាក់ព័ន្ធ ឱ្យផលិតផលកសិកម្ម

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាការគិតគូរ រកដំណោះស្រាយបញ្ហាពាក់ព័ន្ធ ឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែង ទាំងបរិមាណ គុណភាព និងតម្លៃ។

ការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាសអញ្ជើញញ ជាអធិបតីក្នុងពិធីបិទ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «កម្មវិធី CAFE25 គឺជាការគិតគូររកដំណោះស្រាយ បញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការ ជាក់ស្តែងទាំងបរិមាណ គុណភាព និង តម្លៃ ជាពិសេសការចូលរួមគ្រប់ តួអង្គពាក់ព័ន្ធ ទាំងវិស័យធនាគារ បច្ចេកទេសកសិកម្ម កសាងទំនុកចិត្តរួមគ្នា និងផ្តល់ផលចំណេញទាំងអស់គ្នា ។ លេីសពីនេះ ការផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍នានា ចាប់យកឱកាសថ្មីៗ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្នុងវិស័យ-កសិស្បៀង អាហារនៅកម្ពុជា»។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសេីរ ដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការ FAO ដែលជាដៃគូជិតស្និត អង្គការ វិស័យឯកជន និងនិស្សិតស័្មគ្រចិត្តទាំងអស់ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដេីម្បីដំណេីរការកម្មវិធី CAFE25 បានបញ្ចប់ដោយជោគជ័យ និងមានការគាំទ្រ ពេញទំហឹងពីសំណាក់បងប្អូនទាំងអស់ សំដៅលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិន ក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃ ក្នុងវិស័យកសិ-ស្បៀង អាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕

To Top