ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសប្រឆាំងដាច់ខាត ចំពោះសំណើណាក៏ដោយ របស់ភាគីកម្ពុជា ស្នើបើកច្រកព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាត ចំពោះសំណើណា ក៏ដោយរបស់ភាគីកម្ពុជា សុំបើកច្រកព្រំដែន រវាងកម្ពុជា-ថៃ ព្រោះថៃអ្នកបិទ កម្ពុជា មិនត្រូវទៅសុំបើក ដោយសម្តេចថ្លែងថា កុំធ្វើថោក ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ បានថ្លែងថា រដ្ឋាភិបាលថៃ តាំងពីមានជម្លោះព្រំដែន ជាមួយកម្ពុជា បានលើកឡើងជុំវិញ រឿងការបិទ និងបើកច្រកព្រំដែន ម្តងហើយម្តងទៀត ទើបសម្តេចបង្ហោះសារ នៅលើបណ្តាញសង្គមម្តងរួចទៅហើយ ឱ្យថៃបន្តបិទឱ្យបាន១០០ឆ្នាំទៀតទៅ ព្រោះថា ចាប់តាំងពីថៃបិទច្រកព្រំដែន, កម្ពុជា មិនដែលបានទៅសុំថៃបើកឡើយ ហើយទោះបិទ ក៏កម្ពុជា មិនស្លាប់នោះដែរ ។

ជាងនេះទៅទៀត សម្តេចតេជោ បានបញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ព្រមទាំងកងទ័ពថៃ បានចេញមកវិនិយាយជាច្រើនដង ហើយព្រមទាំងអះអាងថា ក្នុងមួយជីវិតនេះ មិនចរចាដាច់ខាត លើរឿងបើកព្រំដែនជាមួយកម្ពុជា ទើបសម្តេចតេជោឆ្លើយតបវិញថា សូមឱ្យថៃបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀត ។

សម្តេចតេជោ មានប្រសាសន៍ថា “ហើយខ្ញុំ សូមបញ្ជាក់ ខ្ញុំប្រឆាំងដាច់ខាត ចំពោះសំណើរណាក៏ដោយរបស់ភាគីកម្ពុជា បើកព្រំដែន កម្ពុជា-ថៃ ព្រោះគេអ្នកបិទ យើងកុំទៅសុំបើក កុំធ្វើថោក ។ ព្រោះរឿងហ្នឹង យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នកបិទទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីយើងទៅអង្វរសុំគេ? សូមជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល មិនថាកងទ័ពទេ កម្ពុជា មិនធ្វើថោកទៅសុំឱ្យថៃ បើកច្រកព្រំដែនទេ” ។

បន្ថែមលើនេះ សម្តេចតេជោ គូសបញ្ជាក់ថា កម្ពុជា ត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top