ព័ត៌មានអន្តរជាតិ

ប្រទេសក្រិក និងអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG)

អាថែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបំពេញទស្សនកិច្ច រយៈពេលខ្លីមួយនៅប្រទេសក្រិក នៅថ្ងៃអាទិត្យ ដែលក្នុងអំឡុងពេលនោះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឧស្ម័នធម្មជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការក្រិក AMNA លិខិតរវាងក្រុមហ៊ុន DEPA Commercial របស់ប្រទេសក្រិក និងក្រុមហ៊ុន Naftogaz របស់អ៊ុយក្រែន នឹង អនុញ្ញាតឱ្យដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) របស់អាមេរិកទៅកាន់ អ៊ុយក្រែនតាមរយៈច្រករបៀងចាប់ពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងអាថែន ដោយមានវត្តមានរបស់នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis និងប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី។ លោក Mitsotakis បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវ “ប្រភពថាមពលចម្រុះ និងអាចទុកចិត្តបាន” ដោយកត់សម្គាល់ថា ប្រទេសក្រិក បានក្លាយជាមជ្ឈមណ្ឌលសំខាន់មួយ សម្រាប់លំហូរឧស្ម័នទៅកាន់អឺរ៉ុបកណ្តាល និងខាងកើត។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន កិច្ចសហប្រតិបត្តិការការពារជាតិ និងការធ្វើសមាហរណកម្មអឺរ៉ុប-អាត្លង់ទិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top