ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចាត់បញ្ជូនមន្រ្តី ជំនាញចុះពិនិត្យ និងធ្វើការទប់ស្កាត់បន្ទាន់ ការលេចធ្លាយប្រេងចេញពីទូរថភ្លើង បន្ទាប់ពីក្រឡាប់ធ្លាក់ពីលើផ្លូវ នៅស្រុកបាកាន

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មាន រាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញ សហការជាមួយមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ ៦នាទី ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់រវាងឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងជំហានដំបូង ក្រុមការងាររកឃើញទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅ ចំនួន២ទូរ។ សូមបញ្ជាក់ថាទូរនីមួយមួយៗ បានដឹកប្រេងចំណុះ 66000លីត ។ ឧបទ្ទេវហេតុនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

ក្រុមការងារជំនាញ បាននិង កំពុងចុះពិនិត្យមើលទំហំ នៃការលេចធ្លាយ មានបរិមាណសំណល់ប្រេង អណ្តែតច្រើនលើទីវាលស្រែ ក្បែរលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ ។ សូមបញ្ជាក់ថាក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋមួយចំនួនបាន និងកំពុងស្រង់ប្រេង យកទុកប្រើប្រាស់ផងដែរ ៕

To Top