ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ពីការវាយប្រហារ លើកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅលីបង់ខាងត្បូង ដោយលើកឡើងពីការចាត់ថ្នាក់ខុស ចំពេលអាកាសធាតុមិនល្អ

យេរូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់នៅថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើកការបាញ់ប្រហារ ទៅលើកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ពីរនាក់នៅភាគខាងត្បូង ប្រទេសលីបង់ ដោយលើកឡើងពី «ការចាត់ថ្នាក់ខុស» «ដោយសារតែស្ថានភាព អាកាសធាតុមិនល្អ» ។

បន្ទាប់ពីកំណត់អត្តសញ្ញាណ «ជនសង្ស័យពីរនាក់» នៅក្នុងតំបន់ Al-Hamames កងទ័ពអ៊ីស្រាអែលបានបាញ់ព្រមាន និងបង្ខំពួកគេឱ្យដកថយ ប៉ុន្តែបន្ទាប់ពីការពិនិត្យឡើងវិញ នៅពេលក្រោយនៃឧប្បត្តិហេតុនេះ ពួកគេទាំងពីរនាក់ត្រូវបានគេរកឃើញថា ជាអ្នករក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលកំពុងល្បាតនៅក្នុងតំបន់នោះ។

កងកម្លាំងនេះបានឲ្យដឹងថា «IDF សង្កត់ធ្ងន់ថា មិនមានការបាញ់ប្រហារ ដោយចេតនាណាមួយត្រូវបានតម្រង់ទៅរកទាហាន UNIFIL នោះទេ ហើយបញ្ហានេះកំពុងត្រូវបានដោះស្រាយតាមរយៈបណ្តាញ ទំនាក់ទំនងផ្លូវការ» ដោយបន្ថែមថា ខ្លួននឹងបន្តប្រតិបត្តិការ ដើម្បីលុបបំបាត់ការគំរាមកំហែង ណាមួយចំពោះអ៊ីស្រាអែល ។

មុននេះបន្តិច កងកម្លាំងបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានបាញ់ចេញពីរថក្រោះ Merkava ដែលដាក់នៅជិតប៉ុស្តិ៍អ៊ីស្រាអែល មួយនៅភាគខាងត្បូងប្រទេសលីបង់ ដោយគ្រាប់កាំភ្លើងយន្តធុនធ្ងន់បានធ្លាក់ប្រហែល ៥ម៉ែត្រពីកងកម្លាំងរក្សាសន្តិភាព ដោយថ្មើរជើង។

UNIFIL បានឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពបានលាក់ខ្លួន ហើយបានទាក់ទងកងកម្លាំងអ៊ីស្រាអែលភ្លាមៗតាមរយៈបណ្តាញទំនាក់ទំនង UNIFIL ដើម្បីបញ្ឈប់ការបាញ់ប្រហារ ។ ពួកគេអាចដកថយដោយសុវត្ថិភាព ប្រហែល ៣០ នាទីក្រោយមក បន្ទាប់ពីរថក្រោះបានដកថយ ក្នុងនោះមិនមានរបាយការណ៍ អំពីអ្នករងរបួសនោះទេ។

UNIFIL បានហៅឧប្បត្តិហេតុនេះថាជា “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ” នៃសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានជំរុញឱ្យ IDF “បញ្ឈប់អាកប្បកិរិយាឈ្លានពាន និងការវាយប្រហារណាមួយលើ ឬនៅជិតកងកម្លាំងរក្សាសន្តិភាព” ដោយសង្កត់ធ្ងន់ថា បុគ្គលិកអង្គការសហប្រជាជាតិ កំពុងធ្វើការដើម្បីជួយស្តារស្ថិរភាព នៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top