ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកកំពុងរៀបចំច្បាប់ ដើម្បីដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរ លើប្រទេសណាក៏ដោយ ដែលធ្វើពាណិជ្ជកម្ម ជាមួយរុស្ស៊ី

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា គណបក្សសាធារណរដ្ឋកំពុងរៀបចំច្បាប់ ដើម្បីដាក់ទណ្ឌកម្មប្រទេសណាក៏ដោយ ដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមកលើប្រទេសរុស្ស៊ី ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ច របស់រុស្ស៊ីធ្លាក់ចុះ។ ទីក្រុងមូស្គូបានថ្កោលទោសការរឹតបន្តឹងម្តងហើយម្តងទៀតថា ជាការប្រឆាំងនិងខុសច្បាប់ដោយអះអាងថា ពួកគេបានតបតចំពោះអ្នកដែលដាក់ពួកគេវិញ។ រុស្ស៊ី​រក្សា​ថា​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​សម្រប​ខ្លួន​ ដោយ​ប្តូរ​ទិស​ពាណិជ្ជកម្ម​ទៅ​ទីផ្សារ ​ដែល​មិន​មែន​លោក​ខាង​លិច ។

លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “គណបក្សសាធារណរដ្ឋកំពុងដាក់ច្បាប់ដែលមានទណ្ឌកម្មដ៏តឹងរ៉ឹង ជាដើម លើប្រទេសណាមួយ ដែលធ្វើជំនួញជាមួយរុស្ស៊ី” ។

លោកថា “ខ្ញុំឮគេធ្វើអញ្ចឹង វាមិនអីទេជាមួយខ្ញុំ” លោកបានបន្ថែមថា “ពួកគេអាចបន្ថែមអ៊ីរ៉ង់ទៅនោះ។ ខ្ញុំបានស្នើវា”។

ច្បាប់នេះនឹងផ្តល់អំណាចដល់លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធរហូតដល់ 500% លើការនាំចូលពីប្រទេសដែលទិញប្រេងរុស្ស៊ី ឧស្ម័ន អ៊ុយរ៉ាញ៉ូម និងផលិតផលផ្សេងទៀត ប្រសិនបើរុស្ស៊ី មិនយល់ព្រម ចំពោះសន្តិភាពយូរអង្វែងជាមួយអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់នេះគឺ ផ្តោតជាពិសេសទៅលើប្រទេសចិន និងឥណ្ឌា ដែលជាអ្នកប្រើប្រាស់ថាមពលរុស្ស៊ីដ៏សំខាន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top