ព័ត៌មានជាតិ

ក្រុមប្រតិបត្តិការ បច្ចេកទេស កម្ពុជា-ថៃ ជួបប្រជុំគ្នា

ភ្នំពេញ ៖ ក្រុមប្រតិបត្តិការបច្ចេកទេស នៃភាគីកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៨ វិច្ឆិកា នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារ តាមស្មារតី បែបបទណែនាំបច្ចេកទេស ។ នេះបើតាមការចេញផ្សាយរបស់ AKP ។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានថ្លែងថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ លើបែបបទណែនាំបច្ចេកទេស (Technical Instruction), ប្រធានក្រុមប្រតិបត្តិការបច្ចេកទេស នៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការ អនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស ។

ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងចុះពិនិត្យទីតាំង និងដំណើរការការងារ បោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។

ការចុះបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតី នៃកិច្ចប្រជុំគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕

To Top